Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំងព្រមានថា អាហ្សង់ទីននឹងសាងកំហុសធ្ងន់ធ្ងរមួយ ប្រសិនបើកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសធំដូចជាចិន

  • បោះពុម្ព

 (ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បាននិយាយថា វានឹងជាកំហុសធ្ងន់ធ្ងរមួយ នៅក្នុងការទូតរបស់អាហ្សង់ទីន ប្រសិនបើប្រទេសអាមេរិកខាងត្បូងមួយនេះ សម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសធំ ដូចជាចិនឬមួយក៏ប្រេស៉ីល។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី Mao Ning ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់អាហ្សង់ទីន ហើយរដ្ឋាភិបាលអាហ្សង់ទីនផ្តល់សារសំខាន់ជាខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយចិន។

លោកស្រីអ្នកនាំពាក្យបានបន្តថា ភាគីទាំងពីរមានភាពបំពេញបន្ថែមសេដ្ឋកិច្ចគ្នា យ៉ាងរឹងមាំ ហើយមានសក្តានុពលធំសម្រាប់កិច្ចសហប្រតិបត្តិការ ដូច្នេះការកាត់ផ្តាច់ទំនាក់ទំនង នឹងក្លាយជាកំហុសធ្ងន់ធ្ងរមួយ សម្រាប់អាហ្សង់ទីន។

លោកស្រី Mao បានបន្ថែមថា ចិនស្ម័គ្រចិត្តបន្តធ្វើការងារជាមួយអាហ្សង់ទីនជានិច្ច ដើម្បីលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍរយៈពេលវែង នៃទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អាហ្សង់ទីនបានបោះឆ្នោតជ្រើសរើស លោក Javier Milei ជាប្រធានាធិបតីថ្មីរបស់ខ្លួន ខណៈអ្នកនយោបាយរូបនេះ ធ្លាប់បានរិះគន់ចិននិងប្រេស៉ីល ដោយនិយាយថា លោកនឹងមិនទាក់ទងជាមួយពួកកុម្មុយនិស្តឡើយ ហើយចង់ពង្រឹងទំនាក់ទំនងឱ្យរឹងមាំជាមួយសហរដ្ឋអាមេរិក។

យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA Novosti ដែលបានដកស្រង់សម្តីលោកស្រី Diana Mondino ដែលត្រូវគេរំពឹងថា នឹងក្លាយជារដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនថ្មី ក្រោមរដ្ឋបាលលោក Milei គឺអាហ្សង់ទីននឹងមិនចូលរួមក្នុងក្រុមប្រទេស BRICS នោះទេ។

អាហ្សង់ទីនស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលត្រូវបានអញ្ជើញឱ្យក្លាយជាសមាជិកថ្មីរបស់ BRICS ដែលជាប្លុកប្រទេសរួមមាន ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។

លោកស្រី Mondino ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន RIA Novosti ផងដែរថា អាហ្សង់ទីននឹងឈប់ធ្វើប្រាស្រ័យទាក់ទង ជាមួយរដ្ឋាភិបាលចិននិងប្រេស៉ីល នៅពេលត្រូវបានសាកសួរថា តើអាហ្សង់ទីននឹងលើកទឹកចិត្តការនាំចេញនិងនាំចូល ជាមួយប្រទេសទាំងពីរដែរឬទេ៕

ដកស្រង់ពី៖ Fresh News