បណ្តាញសង្គម

កិច្ចប្រជុំ​​អឺរ៉ុប​​ក្លាយជា​ជំនួប​ដោះស្រាយវិបត្តិតួកគីក្រោយ​រដ្ឋ​ប្រហារ

ក្រោយរដ្ឋប្រហារ មិនសម្រេច ប្រធានាធិបតី តួកគី បានប្រកាស សន្យាថានឹង កម្ចាត់ឱ្យអស់ មេរោគនៅក្នុងសាច់ នៅក្នុងគ្រប់ស្ថាប័នទាំងអស់ ដែលប្រៀបបាននឹង មេរោគមហារីក និង បានបន្តចាប់ខ្លួនមនុស្ស ឡើងដល់រាប់ពាន់នាក់ មិនខ្វល់ នឹងការព្រមាន របស់អឺរ៉ុប និងសហគមន៍ អន្តរជាតិទេ។

កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ដែលត្រូវបើក នៅថ្ងៃនេះ ត្រូវផ្តោត ស្ទើរទាំងស្រុងលើ ស្ថានការណ៍ នៅតួកគី។ សហភាពអឺរ៉ុប ចង់ជំរុញឱ្យ តួកគី គោរពច្បាប់ និងសិទ្ធិមនុស្ស ប៉ុន្តែ ដូចជាគ្មានមធ្យោបាយ អ្វីដាក់សម្ពាធ លើរដ្ឋាភិបាល មួយនេះសោះ។

ប្រមុខការទូតអាមេរិកលោកចនឃេរី និងប្រមុខការទូតសហភាពអឺរ៉ុប Mogherini ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុបថ្ងៃទី ១៨កក្កដា ២០១៦

បីថ្ងៃក្រោយ រដ្ឋប្រហារ មិនសម្រេច និង បន្ថែមពីលើ ការចាប់ខ្លួនទាហាន ជាង៦ពាន់នាក់ និង ពីលើដីការចាប់ខ្លួន ចៅក្រម និង រដ្ឋអាជ្ញាជិត បីពាន់នាក់ ឧត្តមសេនីយ៍ ជាង១០៣នាក់ ត្រូវចាប់យកទៅឃុំខ្លួន អភិបាលក្រុង៣០រូប និង មន្ត្រីជាន់ខ្ពស់ជាង ៥០រូប ត្រូវបានដកចេញពីតំណែង មន្ត្រីក្រសួងមហាផ្ទៃជាង៩ពាន់នាក់ ត្រូវបានបណ្តេញ ពីការងារ ក្នុងនោះ ជាង៨៧០០នាក់ ជាប៉ូលិស ត្រូវដោះឯកសណ្ឋាន នៅថ្ងៃចន្ទ ក្នុងក្របខ័ណ្ឌ បោសសម្អាត ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។

ពាក្យថា “ភេរវជន” ត្រូវបានយកមក ប្រើជាផ្លូវការ។ បើតាមសេចក្តី ថ្លែងការណ៍ របស់ក្រសួងការបរទេស តួកគី រដ្ឋប្រហារ កាលពីថ្ងៃសុក្រ មិនមែនត្រឹមតែជាផ្សំគំនិត មិនសម្រេចទេ តែជាការ ឃោសនាភេរវនិយម។ ប្រធានាធិបតីតួកគី កំពុងបង្កើន ការបោសសម្អាត និងកម្ចាត់ឱ្យអស់ នូវអ្វីដែលលោក ចាត់ទុកជាមេរោគ មហារីករបស់រដ្ឋ។

ប្រឈមនឹង ស្ថានការណ៍បែបនេះ កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប នៅថ្ងៃចន្ទ ដែលតាមទម្លាប់ ត្រូវពិភាក្សាគ្នា ជុំវិញជម្លោះនៅលីប៊ី នៅអ៊ុយក្រែន អំពីវិបត្តិ អន្តោប្រវេសន៍ ឆ្លងសមុទ្ទ ... ត្រូវបានប្រែក្លាយ ជាជំនួប ប្រជុំដោះស្រាយ វិបត្តិទៅវិញ។ តួនាទីដ៏សំខាន់ ក្នុងការ ប្រយុទ្ធប្រឆាំង នឹងពួកជីហាត និងសមត្ថភាព ទប់ស្កាត់ អន្តោប្រវេសន៍ របស់ក្រុងអង់ការ៉ា បានក្លាយទៅជា ប្រធានបទ ស្នូលនៃកិច្ចប្រជុំ។

សហភាពអឺរ៉ុប ត្រូវអនុម័ត ជំហររួមគ្នាមួយ ជាមួយវត្តមាន របស់ប្រមុខ ការទូត អាមេរិកផង ស្តីអំពីការ ព្រួយបារម្ភ របស់អឺរ៉ុប ចំពោះស្ថានការណ៍ នៅតួកគី។ អឺរ៉ុប នឹង បញ្ជូនសារ ដ៏ច្បាស់លាស់មួយ ទៅឱ្យតួកគី ថា ប្រទេសត្រូវមានច្បាប់ គ្មានហេតុផល សមស្របណាមួយ អនុញ្ញាតឱ្យតួកគី ចាត់វិធានការដែលខុស ឬឃ្លាតឆ្ងាយ ពីច្បាប់ អន្តរជាតិបានឡើយ ! នេះជាប្រសាសន៍ របស់លោកស្រី ប្រមុខការទូត សហភាពអឺរ៉ុប នៅពេលមុន បើកអង្គប្រជុំ។

រដ្ឋមន្ត្រី ការបរទេសបារាំង បានព្រលយ តាំងពីថ្ងៃម្សិលមិញរួចហើយ ថាអឺរ៉ុប នឹងរក្សាការ ប្រុងប្រយ័ត្ន ខ្លាំងនឹងស្ថានការណ៍ នៅតួកគី។ ចំណែក អាល្លឺម៉ង់វិញ បានចេញសេចក្តី ព្រមានថា ប្រសិនបើតួកគី ហ៊ានស្តារច្បាប់ប្រហារជីវិត ឡើងវិញ នោះកិច្ចចរចា របស់តួកគី សុំចូលជា សមាជិកអឺរ៉ុប ត្រូវបញ្ឈប់។ អាល្លឺម៉ង់និង សហភាពអឺរ៉ុប ប្រឆាំងដាច់ខាត នឹងទោសប្រហារជីវិត៕

ដកស្រង់ពី៖ rfi