បណ្តាញសង្គម

ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ «លោកស្រី យីងឡាក់ ឡើងតុលាការជាលើកចុងក្រោយ» ដើម្បីស្រាយបំភ្លឺចំពោះបទចោទប្រកាន់ លើការក្លែងបន្លំកម្មវិធីទិញស្រូវ!

(បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខអគារតុលាការ នៅក្នុងទីក្រុងបាងកក ដើម្បីសម្តែងការអបអរ និងលើកទឹកចិត្តចំពោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងរបស់ប្រទេសថៃ ដែលរងការចោទប្រកាន់លើការក្លែងបន្លំ «កម្មវិធីទិញស្រូវពីប្រជាកសិករ» កាលពីលោកស្រីនៅកាន់អំណាច ហើយសវនាការលើលនេះ គឺជាលើកចុងក្រោយដែលលោកស្រីឡើងធ្វើការស្រាយបំភ្លឺ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។ គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង កាលពីខែឧសភា ឆ្នាំ២០១៤ ហើយក៏ត្រូវបានតុលាការសម្រេច ហាមឃាត់ការធ្វើដំណើរចាកចេញពីប្រទេសថៃ ដើម្បីអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ពាក់ព័ន្ធពាក្យចោទប្រកាន់ថា លោកស្រីបានក្លែងបន្លំ និងបោកប្រាសប្រជាកសិករ លើកម្មវិធីទិញស្រូវ ដែលជាកម្មវិធីដ៏មានប្រជាប្រិយភាព បានជួយឲ្យលោកស្រីជាប់ឆ្នោតកាលពីឆ្នាំ២០១១។

គួររំលឹកថា លោកស្រី យីងឡាក់ កំពុងប្រឈមមុខការជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា អតីតនាយករដ្ឋមន្ត្រីជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រូបនេះ ពិតជាបានប្រព្រឹត្តកំហុសទាំងឡាយ ដូចការចោទប្រកាន់មែននោះ។ សម្រាប់ពេលវេលានៃការប្រកាសសាលក្រម អាចនឹងត្រូវប្រកាស ក្រោយពីសវនាការចុងក្រោយលើ លោកស្រី យីងឡាក់ បញ្ចប់នៅក្នុងថ្ងៃសុក្រនេះ៕




 

ដកស្រង់ពី៖ Fresh News