បណ្តាញសង្គម

អាហ្វហ្គានីស្ថាន៖ បំផ្ទុះគ្រាប់បែកកក្រើកទីក្រុងកាប៊ុល, មនុស្សស្លាប់កើនដល់ ៣៥នាក់ ខណៈក្រុមតាលីបង់អះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត!

 (កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះបានអះអាងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះរថយន្ដអត្តឃាត នៅឯទីក្រុងកាប៊ុល បានកើនដល់ ៣៥នាក់ និងច្រើនជាង៤០នាក់ផ្សេងទៀតរងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការវាយប្រហារដ៏មហាប្រល័យខាងលើនេះ បានកើតឡើងនៅក្បែរលំនៅឋាន មន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថានម្នាក់គឺ លោក Mohammad Mohaqiq ដោយមកទល់នឹងពេលនេះ មនុស្សស្លាប់បានកើនដល់៣៥នាក់ និងច្រើនជាង៤០នាក់រងរបួស។មន្ត្រីអាហ្វហ្គានីស្ថានបានបន្តទៀតថាចំនួនអ្នកស្លាប់អាចនឹង កើនឡើងច្រើនជាងនេះ ខណៈក្រុមតាលីបង់តាមរយៈអ្នកនាំពាក្យឈ្មោះ Zabihullah Mujahid បានអះអាងថា ក្រុមខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

គួរបញ្ជាក់ថា ជនស៊ីវិល ១,៦៦២នាក់បានស្លាប់ ដោយសារតែអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតត្រឹមពេលពាក់កណ្ដាលឆ្នាំ២០១៧ ហើយការវាយប្រហារដ៏អាក្រក់នេះ កើតឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុម ISIS បានទទួលខុសត្រូវ លើការវាយប្រហារព្រះវិហារអ៊ីស្លាម ក្នុងរដ្ឋធានីកាប៊ុល ដែលបានសម្លាប់មនុស្ស ០៤នាក់៕

ដកស្រង់ពី៖ Fresh News