បណ្តាញសង្គម

កូរ៉េខាងជើងឲ្យជំរើសអាមេរិក «មកលត់ជង្គង់សូមទោសប្រជាជន និងកងទ័ពខ្លួន» ខណៈកូរ៉េទាំងពីរកំពុងប្រារព្ធខួប ៦៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម (ឆ្នាំ១៩៥០-១៩៥៣)

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ នៅតែប្រកាន់គោលជំហរដដែល ដោយជម្រុញឱ្យសហរដ្ឋអាមេរិក  បញ្ចប់គោលនយោបាយជាសត្រូវប្រឆាំងទីក្រុងព្យុងយ៉ាង ខណៈកូរ៉េទំាងពីរប្រារព្ធខួបលើកទី៦៤ នៃការបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។

ព្រមពេលជាមួយគ្នា របបកុម្មុយនីស្ដឯកោមួយនេះ ក៏មិនទាន់បានបង្ហាញពីសញ្ញាណ ធ្វើតេស្ដមីស៊ីលផ្លោងនៅឡើយដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនបានសរសេរថា  ទីក្រុងវ៉ាស៊ីនតោនមិនយល់នោះទេថា នុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង បានកែប្រែស្ថានភាពយុទ្ធសាស្ត្រនៅលើឧបទ្វីបកូរ៉េ ដូចដែលបានបង្ហាញរួចហើយ តាមរយៈការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យកាលពីដើមខែកន្លងទៅ។

«ដូច្នេះបច្ចុប្បន្នវាមានជម្រើសតែមួយគត់ សម្រាប់សហរដ្ឋអាមេរិក នោះគឺបោះបង់ចោលគោលនយោបាយ អរិភាពប្រឆាំងកូរ៉េខាងជើង ឬមួយក៏ត្រូវលុតជង្គង់ និងសូមទោសកងទ័ព និងប្រជាជនកូរ៉េខាងជើង»។នេះបើតាម Rodong Sinmun។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែស្ថិតក្នុងស្ថានភាពប្រកាសសង្រ្គាមគ្រប់ពេលវេលា  ពីព្រោះបងប្អូនបង្កើតទំាងពីរ បានព្រមព្រៀងគ្នាត្រឹមតែលើបទឈប់បាញ់គ្នាតែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ៕

ដកស្រង់ពី៖ Fresh News