Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអាមេរិក «ប្រកាសដាក់ទណ្ឌកម្មជាថ្មីម្តងទៀត លើរដ្ឋាភិបាលវេណេស៊ុយអេឡា» និងគំរាមឲ្យឈប់គម្រោងកែប្រែរដ្ឋធម្មនុញ្ញភ្លាម បើមិនចង់រងគ្រោះ​ធ្ងន់​ជាងនេះ!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា ចំនួន ១៣រូប ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងព្យាយាមរារាំង ប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ  គឺលោក Nicolas Maduro មិនឲ្យបន្តអនុវត្តន៍គម្រោងរបស់ខ្លួន ដែលសំដៅចង់កែប្រែរដ្ឋធម្មនុញ្ញ របស់ប្រទេសអាមេរិកឡាទីនមួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ ចំណាត់ការប្រឆាំងនឹងមន្រ្តីទាំង ១៣រូបខាងលើ គឺជាការដាក់ទណ្ឌកម្មជុំទីបីហើយប្រឆាំងនឹង រដ្ឋាភិបាលវេណេស៊ុយអេឡា ក្រោមរដ្ឋបាលដឹកនាំ លោក ដូណាល់ ត្រាំ ហើយស្ថិតក្នុងក្របខណ្ឌនៃការស៊ើបអង្កេតមួយ របស់សហរដ្ឋអាមេរិក ទៅលើរឿងអាស្រូវពុករលួយ  ដែលបានផ្ទុះឡើងកាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។

បន្ថែមពីនេះការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោនលើកនេះ ក៏ត្រូវបានធ្វើឡើងក្នុងគោលបំណង ធ្វើជាសេចក្តីព្រមានមួយ ទៅកាន់សមាជិកទាំងឡាយផ្សេងទៀត នៃរដ្ឋាភិបាលវេណេស៊ុយអេឡា នៅមុនគម្រោងនៃការបង្កើតសភាធម្មនុញ្ញ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើស នាថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។ រដ្ឋមន្រ្តីរតនាគារជាតិអាមេរិកបានគំរាមថា ជនទាំងឡាយណាដែលក្លាយជាសមាជិកនៃសភាថ្មីនេះ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញថ្មីនោះ គួរតែដឹងឲ្យបានច្បាស់ថា ពួកគេនឹងត្រូវប្រឈមមុខជាមួយហានិភ័យ នៃការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្រមានខ្លាំងៗថា ខ្លួននឹងបន្តប្រើវិធានការធ្ងន់ៗថែមទៀត ប្រសិនបើលោក Maduro នៅតែបន្តអនុវត្តន៍គម្រោង ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញរបស់លោក ដែលបក្សប្រឆាំងវេណេស៊ុយអេឡា បានចាត់ទុកថា គឺជាការប៉ុនប៉ងក្តោបក្តាប់អំណាច ដោយមេដឹកនាំរូបនេះ។

ម៉្យាងវិញទៀត ការធ្វើបាតុកម្មបានផ្ទុះឡើង និងបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ ខណៈគូប្រជែងរបស់ លោក Maduro បានទាមទារឲ្យលោកបោះបង់ចោលគម្រោងនេះ។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ បានសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែតឹងរឹងថែមទៀតបើ លោក Maduro នៅតែហ៊ានរៀបចំការបោះឆ្នោត ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ។

ទោះជាបែបនេះក្តី លោកប្រធានាធិបតីវេណេស៊ុយអេឡា ហាក់បីដូចជាពុំញញើត ឬខ្វាយខ្វល់ចំពោះការគំរាមកំហែងរបស់ លោក ត្រាំ ឡើយ ដោយលោក Nicolas Maduro បានចោទជាសំណួរក្រោយការប្រកាសដាក់ទណ្ឌកម្មនេះថា «តើសហរដ្ឋអាមេរិកមានការយល់ឃើញយ៉ាងដូចម្តេច... តើពួកគេគិតថា ខ្លួនជាគឺជាអ្នកគ្រប់គ្រង ក៏ដូចជាដឹកនាំពិភពលោកមួយទាំងមូលឬ។ យើងមិនទទួលស្គាល់ ឬទទួលយកការដាក់ទណ្ឌកម្មនេះជាដាច់ខាត»៕

ដកស្រង់ពី៖ Fresh News