បណ្តាញសង្គម

ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបោះឆ្នោតនៅវេណេស៊ុយអេឡា» និងព្រមានចាត់វិធានការក្តៅ ចំពោះភាពរឹងទទឹងនេះ!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត នៅថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបោះឆ្នោតសភាធម្មនុញ្ញ (ANC)  នៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយថែមទំាងព្រមានដែរថា  ខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងអ្នកទំាងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹង ANC។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា  «ការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡា គឺជាកំហុសឆ្គងមួយ ព្រោះវាមានគោលដៅជំនួសសភាស្របច្បាប់  ដែលកើតឡើងតាមរយៈការបោះឆ្នោត និងបំផ្លាញសិទ្ធិស្វ័យសម្រេចចិត្តរបស់ប្រជាជនវេណេស៊ុយអេឡា... សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការ និងដាក់ទណ្ឌកម្មយ៉ាងតឹងរឹងប្រឆាំងនឹងស្ថាបនិក នៃអំណាចផ្ដាច់ការនៅវេណេស៊ុយអេឡា រួមទំាង ជនទំាងឡាយណាមានជាប់ពាក់ព័ន្ធនឹង ANC»។

គួរបញ្ជាក់ថា នៅអំឡុងការបោះឆ្នោតសភាធម្មនុញ្ញ នៅថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) បាតុកម្មតវ៉ាដោយហិង្សាជាច្រើនបានផ្ទុះឡើង នៅទូទំាងប្រទេសវេណេស៊ុអេឡា ដោយបានផ្ដាច់យក អាយុជីវិតមនុស្ស ១០នាក់ នៅក្នុងនោះរួមមាន មេដឹកនាំយុវជនគណបក្សប្រឆាំងម្នាក់ បេក្ខជនគាំទ្ររដ្ឋាភិបាល, និងទាហានម្នាក់ផងដែរ៕

ដកស្រង់ពី៖ Fresh News