បណ្តាញសង្គម

កូនប្រុសបណ្តូលចិត្ត និងកូនប្រសារលោក ឌូតឺតេ «ស្បថមុខសភាថា មិនបានពាក់ព័ន្ធនឹងគ្រឿងញៀន»

(ម៉ានីល)៖ កូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្រ្គោ ឌូតឺតេ នាថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលទំនាក់ទំនងទាំងអស់ នៅក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀន ដែលលោក ឌូតឺតេ កំពុងធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាម នៅក្នុងប្រទេសអាស៊ានមួយនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។ ការបដិសេធខាងលើត្រូវបានធ្វើឡើង នៅពេលដែលកូនប្រុសច្បង លោក ឌូតឺតេ និងជាអភិបាលរងទីក្រុងដាវ៉ៅ (Davao) លោក ផៅឡូ ឌូតឺតេ (Paolo Duterte) ជាមួយលោក ម៉ាណាសេស ខាពីអូ (Manases Carpio) ជាស្វាមីរបស់កូនស្រីលោក ឌូតឺតេ គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលជាអភិបាលក្រុងដាវ៉ៅ បានចូលធ្វើការបង្ហាញខ្លួន នៅចំពោះមុខព្រឹទ្ធសភាហ្វីលីពីន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់អ្នកទាំងពីរ។

ការចូលបង្ហាញខ្លួននៅចំពោះមុខព្រឹទ្ធសភានេះផងដែរ ត្រូវបានធ្វើឡើងក្រោមការណែនាំផ្ទាល់ របស់លោក ឌូតឺតេ ដែលកាលពីដំបូងឡើយនោះ បាននិយាយការពារកូនប្រុសទាំងពីររបស់លោក ហើយហៅការចោទប្រកាន់នេះថា ជាអំពើព្យាបាទ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាហ្វីលីពីន បាននិងកំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីដែលថ្នាំញៀនប្រភេទ មេតាំហ្វេតាមីនទម្ងន់ ៦០៥គីឡូក្រាម មានតម្លៃ ៦.៤ពាន់លានប៉េសូ (១២៥.៥លានដុល្លារ) អាចរំលងផុតពីភ្នែករបស់នាយកដ្ឋានគយរបស់ហ្វីលីពីនបាន មុនពេលដែលការដឹកជញ្ជូនគ្រឿងញៀននេះ ត្រូវក្រុមមន្រ្តីគយរឹបអូសយកបាន កាលពីខែឧសភាឆ្នាំមុន នៅឃ្លាំងស្តុកទំនិញមួយកន្លែង ក្នុងទីក្រុងវាលែនស៊ុយអេឡា (Valenzuela) ភាគខាងជើងរដ្ឋធានីម៉ានីល៕

ដកស្រង់ពី៖ Fresh News