បណ្តាញសង្គម

ចំនួនប្រជាជនឥណ្ឌា «នឹងកើនលើសចំនួនប្រជាជនចិន» នៅឆ្នាំ២០២៤!

  (យូអិន)៖ ចំនួនប្រជាជនសរុបនៃប្រទេសឥណ្ឌា អាចកើនឡើងហួសចំនួនប្រជាជនរបស់ចិន ប្រហែលនៅខ្ទង់ឆ្នាំ២០២៤ ពោលគឺ០២ឆ្នាំ យូរជាងការប៉ាន់ស្មានកាលពីលើកមុន ហើយត្រូវគេព្យាករណ៍ថា នឹងដល់ ១.៥ពាន់លាននាក់ នៅឆ្នាំ២០៣០។

នេះបើតាមការស្ទង់មើលរបស់អង្គកាសហប្រជាតិ ដកស្រង់ដោយសារព័ត៌មាន The Wire នៅរសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។យោងតាមរបាយការណ៍ The World Population Prospects: The 2017 Revisioon ដែលចេញផ្សាយដោយនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់ UN ចិនដែលមានចំនួនប្រជាជនបច្ចុប្បន្នប្រមាណ ១.៤ពាន់លាននាក់ និងឥណ្ឌាចំនួន ១.៣៤ពាន់លាននាក់ នៅតែបន្តជាប្រទេសទាំង ២ ដែលមានចំនួនប្រជាពលរដ្ឋច្រើនលើសលប់ជាងគេបំផុត ពោលគឺ ១៩ និង ១៨ភាគរយ នៃចំនួនមនុស្សទាំងអស់នៅលើសកលលោក។

របាយការណ៍ខាងលើបានបញ្ជាក់ថា នៅក្នុងរយៈពេលប្រហែល ០៧ឆ្នាំទៀត ឬក៏ខ្ទង់ឆ្នាំ២០២៤ ចំនួនប្រជាជនឥណ្ឌា ត្រូវគេរំពឹងថា នឹងកើនហួសចំនួនប្រជាជនចិន បន្ទាប់ពីបានប៉ាន់ស្មានកាលពីឆ្នាំ២០១៥ថា នឹងវ៉ាប្រទេសចិននៅឆ្នាំ២០២២។ ការព្យាការណ៍ថ្មីនេះបានឲ្យដឹងថា ដល់ឆ្នាំ២០២៤ ឥណ្ឌា និងចិនត្រូវគេរំពឹងថា នឹងមានចំនួនប្រមាណ ១.៤៤ពាន់លាននាក់ ប្រហាក់ប្រហែលគ្នា។

បន្ទាប់មកទៀត ចំនួនប្រជាជនចិន នឹងបន្តកើនឡើងសម្រាប់ប៉ុន្មានសតវត្សរ៍តទៅមុខទៀត ដោយដល់ ១.៥ពាន់លាននាក់ ក្នុងឆ្នាំ២០៣០ និងដល់ ១.៦៦ពាន់លាននាក់ នៅឆ្នាំ២០៥០ ខណៈចំនួនប្រជាជនចិនត្រូវគេព្យាករណ៍ថា នឹងបន្តនៅឋេររហូតដល់ទសវត្សរ៍ឆ្នាំ២០៣០ ហើយបន្ទាប់ទៀតប្រហែលជាអាចថយចុះទៅវិញ ដោយសន្សឹមៗថែមទៀតផង។

គួរជម្រាបថា នៅក្រោយឆ្នាំ២០៥០ ឥណ្ឌាក៏អាចនឹងចាប់ផ្តើ មានការថយចុះនូវចំនួនប្រជាជនរបស់ខ្លួនផងដែរ ពោលគឺអាចនៅត្រឹម ១.៥១ពាន់លាននាក់ នៅឆ្នាំ២១០០ ក៏ប៉ុន្តែនឹងនៅតែជាប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបង្អស់ដដែលលើលោក។

ដោយឡែករបាយការណ៍ខាងលើ បានលើកឡើងថា ចំនួនប្រជាជនសរុបសព្វថ្ងៃប្រមាណ ៧.៦ពាន់លាននាក់ ត្រូវគេរំពឹងថានឹងអាចដល់ ៨.៦ពាន់លាននាក់ នៅឆ្នាំ២០៣០, ៩.៨ពាន់លាននាក់នៅឆ្នាំ២០៥០, និង ១១.២ពាន់លាននាក់ នៅឆ្នាំ២១០០៕

ដកស្រង់ពី៖ Fresh News