បណ្តាញសង្គម

«អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង» តាម​រយៈការលើកឡើង​ពីបញ្ហាដ៏ធំមួយ...

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខ រិះគន់ខ្លាំងៗលើអូស្រ្ដាលី សម្រាប់ការធ្វើការលើកឡើង ដោយគ្មានទំនួលខុសត្រូវទាក់ទិននឹងជម្លោះ នៅឯសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំងកំពុង មានជម្លោះដែនទឹកជាមួយប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះ គឺសារអំពាវនាវដ៏រសើបមួយទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងសៀវភៅគោលនយោបាយមួយ ស្ដីពីសកម្មភាពរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

ប៉ុន្តែក្នុងថ្ងៃដដែលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានចាត់ទុកថា សៀវភៅចែងពីគោលនយោបាយនេះ គឺជាទូទៅមានភាពវិជ្ជមានច្រើនសម្រាប់ចិន ប៉ុន្តែថាអូស្ត្រាលី មិនគួរលូកដៃចូលក្នុងជម្លោះ នៅសមុទ្រចិនខាងត្បូងជាដាច់ខាត។

លោក លូ បានលើកឡើងយ៉ាងដូច្នេះថា «អូស្ត្រាលីមិនគួរលូកដៃចូលក្នុង ជម្លោះសមុទ្រចិនខាងត្បូងឡើយ... ហើយ យើងចង់ផ្ដល់យោបល់ឱ្យអូស្ដ្រាលី គោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួន និងបញ្ឈប់ការធ្វើការកត់សម្គាល់ គ្មានទំនួលខុសត្រូវទាំងឡាយ ទាក់នឹងបញ្ហាសមុទ្រចិនខាងត្បូង»។

បន្ថែមពីនេះកាលពីម្សិលមិញ ប្រទេសអូស្ត្រាលីបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ខិតខំកសាងវត្តមានរបស់ខ្លួនឲ្យបានខ្លាំង នៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់ទំនងជាដៃគូ ដែលមានចិត្តគំនិតដូចគ្នា ហើយទន្ទឹមនឹងនេះទីក្រុងកង់បេរ៉ា បានព្រមានពីការកើនឡើងឥទ្ធិពលរបស់មហាយក្សនៅក្នុងតំបន់នេះផ្ទាល់ គឺប្រទេសចិន។

គួរបញ្ជាក់ថា ចិនបានអះអាងស្ទើរតែទាំងស្រុងថា តំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់ខ្លួន ខណៈប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី កោះតៃវ៉ាន់ និងព្រុយណេ សុទ្ធតែអះអាងពីដែនអធិបតេយ្យភាព លើដែនកោះមួយចំនួនរៀងៗខ្លួន នៅលើតំបន់ជម្លោះនេះ ជាទីត្រូវបានអ្នកជំនាញខ្លះយល់ថា បានក្លាយជាកន្លែងដណ្ដើមឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាមេរិក ដែលកំពុងគាំទ្រាំបណ្តាប្រទេសមានទំនាក់ទំនងមិនល្អនឹងចិន៕

ដកស្រង់ពី៖ Fresh News