បណ្តាញសង្គម

មហាយក្សចិន «សម្តែងការព្រួយបារម្ភឥតគណនា និងប្រឆាំងដាច់ខាត ចំពោះការបាញ់មីស៊ីលកូរ៉េខាងជើង»

  (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានសម្ដែងក្ដីព្រួយបារម្ភ ក៏ដូចជាជំទាស់យ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលសាជាថ្មី ពីសំណាក់កូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងយ៉ាងដូច្នេះថា «ចិនប្រកាន់ជំហរយ៉ាងរឹងមាំ ដោយ ស្នើឱ្យកូរ៉េខាងជើងគោរពតាមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទំាងជៀសវាងឱ្យបាននូវរាល់សកម្មភាពទំាងឡាយណា ដែលបង្កឱ្យមានភាពតានតឹង នៅលើឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីឈ្មោះ Hwasong-15 ដែលបានហោះដល់រយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើត។

អ្វីដែលជាក្តីព្រួយបារម្ភខ្លាំងនោះ គឺការបាញ់លើកនេះ ត្រូវបានអន្តរជាតិចាត់ទុកថា ជាភាពជោគជ័យថ្មីមួយទៀតរបស់កូរ៉េខាងជើង ដែលបង្ហាញពីសមត្ថភាពផលិតមីស៊ីល ICBM ខ្លាំងលើសពីលើកមុខ ខណៈកូរ៉េខាងជើងខ្លួនឯងក៏បានប្រកាសដែរថា មីស៊ីលប្រភេទថ្មីទើបបាញ់ព្រឹកមិញនេះ មានលទ្ធភាពបាញ់ដល់គ្រប់ទិសទីទាំងអស់ ក្នុងដែនដីអាមេរិក៕

ដកស្រង់ពី៖ Fresh News