បណ្តាញសង្គម

អាមេរិក និងកូរ៉េខាងត្បូង «ចាប់ផ្តើមសមយុទ្ធដែនអាកាស ដ៏ធំសម្បើម» ក្រោយកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល​សម្រេចជោគជ័យថ្មី...

 (សេអ៊ូល)៖ កងកម្លាំងចម្រុះនៃទ័ពអាកាស កូរ៉េខាងត្បូង-អាមេរិក នាថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធផ្លូវអាកាស ដ៏ធំសម្បើមបំផុតរបស់ខ្លួន នៅតំបន់ឧបទ្វីបកូរ៉េ ដោយមានការចល័តយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកប្រមាណ ២៣០គ្រឿង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។ កងទ័ពអាកាសកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុត ដែលមានឈ្មោះថា Vigilant ACE ត្រូវធ្វើឡើងរួមគ្នាជាមួយនិងអង្គភាពលេខ ០៧ នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលឈរជើងនៅមូលដ្ឋានទ័ពអូសាន (Osan) ក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃសុក្រ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា ក្នុងពេលដែលមានសង្រ្គាម។

សមយុទ្ធយោធាខាងលើនេះ គឺជាសមយុទ្ធផ្លូវអាកាសខ្នាតធំជាងបង្អស់មិនធ្លាប់មាន រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានការចូលរួមពីកម្លាំងយោធាប្រហែល ១២,០០០នាក់។ យន្តហោះដែលមកចូលរួមក្នុងសមយុទ្ធ Vigilant ACE រួមមានយន្តហោះចម្បាំងបំបាំងកាយអាមេរិក ២៤គ្រឿង ដែលក្នុងនោះមានធុន F-22 ចំនួន ០៦គ្រឿង មកពីកោះអូគីណាវ៉ា នៃប្រទេសជប៉ុន, ធុន F-35A ចំនួន ០៦គ្រឿង និងធុន F-35B ចំនួន ១២គ្រឿង មកពីបន្ទាយទ័ពអាកាសអាមេរិក នៅលើទឹកដីជប៉ុន។

ក្រៅពីនេះ យន្តហោះទម្លាក់គ្រាប់ដ៏មានអានុភាព B-1B Lancer របស់សហរដ្ឋអាមេរិក ក៏ត្រូវគេរាយការណ៍ថា បានគ្រោងនឹងធ្វើការហ្វឹកហ្វឺនទម្លាក់គ្រាប់បែក ក្នុងអំឡុងលំហាត់សមយោធានេះផងដែរ។ ម៉្យាងវិញទៀត យន្តហោះចម្បាំង EA-18G Growler ចំនួន ០៦គ្រឿង ព្រមទាំងយន្តហោះចម្បាំង F-15C ក៏ដូចជា F-16 ក៏នឹងត្រូវបានចល័តមកចូលរួមសមយុទ្ធ Vigilant ACE ដូចគ្នា។

ចំណែកឯពីខាងកូរ៉េខាងត្បូងវិញ យន្តហោះចម្បាំងធុន F-15K, KF-16, និង FA-50 នឹងចូលរួមធ្វើប្រតិបត្តិការក្នុងសមយុទ្ធនេះ។ គួរជម្រាបថា សមយុទ្ធខាងលើបានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើតេស្តបាញ់មីស៊ីលផ្លោង Hwasong-15 ដែលជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប ICBM ទើបតែអភិវឌ្ឍថ្មីរបស់កូរ៉េខាងជើង កាលពីថ្ងៃទី២៩ ខែតុលា។

យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលនោះរត់បានចម្ងាយ ១,០០០គីឡូម៉ែត្រ បន្ទាប់ពីឡើងដល់រយៈកម្ពស់ដ៏ខ្ពស់ ៤,៦០០គីឡូម៉ែត្រ ខណៈវាត្រូវបានគេអះអាងថា បានហោះក្នុងចម្ងាយរហូតដល់ ១៣,០០០គីឡូម៉ែត្រ ពោលគឺអាចដល់រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News