បណ្តាញសង្គម

អតីត​ប្រធានាធិបតីត្រូវ​គេសម្លាប់​ហើយ ​ព្រោះ​ក្បត់

ប្រទេសយេម៉ែន ៖ វិបត្តិនៅ ប្រទេសយេម៉ែន ពេលនេះមានសភាព កាន់តែតានតឹង ថែមមួយកម្រិតទៀត  ។

អតីតប្រធានាធិបតី លោកអាលី អាប់ដាល់ឡាហ៍ សាឡេហ៍ បានត្រូវសម្លាប់ ក្នុងការប្រយុទ្ធគ្នា នៅទីក្រុងសាណា ។ នេះជាការអះអាង កាលពីថ្ងៃទី៤ ធ្នូ របស់ប្រភព ព័ត៌មានជាច្រើន ។ ដំបូងព័ត៌មាននេះប្រកាសដោយ ពួកឧទ្ទាម ស៊ីអ៊ីតហ៊ូធី ហើយបន្ទាប់ មកបញ្ជាក់ដោយ គណបក្ស លោកសាឡេហ៍ ។

កងកម្លាំងស្មោះត្រង់ នឹងលោកសាឡេហ៍ និងពួកឧទ្ទាមហ៊ូធី ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា បានប្រយុទ្ធបង្ហូរឈាមគ្នា ចាប់តាំងពីការផ្ទុះបែកសម្ព័ន្ធភាព ពីថ្ងៃទី២ ធ្នូ មកនៅរដ្ឋធានីសាណា ។ លោកស្រី FAIKA AL SAYYED ជាមេដឹកនាំម្នាក់ នៃគណបក្សសមាជប្រជាជនទូទៅ CPG បញ្ជាក់ថា លោកសាឡេហ៍ ត្រូវពួកហ៊ូធីសម្លាប់ ។

ការស្លាប់របស់អតីតប្រធានាធិបតីយេម៉ែន អាយុ៧៥ឆ្នាំរូបនេះ អាចបង្កើតជារបត់ ចម្បងមួយក្នុងជម្លោះ ដែលហែកហួប្រទេស ចាប់តាំងពីលោកចាកចេញ ពីអំណាចកាលពីឆ្នាំ ២០១២មក ។ កំពុងជួបប្រទះនឹងវិបត្តិមនុស្សធម៌ យ៉ាងអាក្រក់ជាងគេបំផុតនៃពិភពលោក បើតាម អ.ស.ប សង្គ្រាមនៅយេម៉ែនងាក ទៅបង្កើនភាពតានតឹងក្នុងតំបន់ ព្រមទាំងជម្លោះរវាងអារ៉ាប៊ី សាអ៊ូឌីត ស៊ុននីត និងអ៊ីរ៉ង់ស៊ីអ៊ីត ខណៈក្រុងរីយ៉ាដចោទប្រកាន់ក្រុងតេហេរ៉ង់ ថាជួយទ្រទ្រង់ខាងយោធាដល់ពួកឧទ្ទាមហ៊ូធី ។

ចំណែកមនុស្ស៨.៧៥០នាក់ ត្រូវស្លាប់ចាប់តាំងពីអន្តរាគមន៍ យោធារបស់អារ៉ាប៊ី សាអ៊ូឌីត និងពួកសម្ព័ន្ធមិត្តនៅយេម៉ែនពីខែមីនា ឆ្នាំ២០១៥មក ។ ក្រសួងមហាផ្ទៃត្រួតត្រាដោយពួកហ៊ូធី ប្រកាសពីការបញ្ចប់នៃកងជីវពលក្បត់ និងពីការស្លាប់របស់ប្រមុខគេ គឺលោកអាលី អាប់ដាល់ឡាហ៍ សាឡេហ៍ ព្រមទាំងសមាសភាពពួកឧក្រិដ្ឋមួយចំនួន ។

វីដេអូមួយប្រគល់ ដោយពួកហ៊ូធី ដល់អ្នកកាសែតម្នាក់ បង្ហាញសាកសពរបស់លោកសាឡេហ៍ ។ ការប្រយុទ្ធគ្នា មានសភាពខ្លាំងក្លា ចាប់ពីថ្ងៃទី២៩ វិច្ឆិកា មក ក្នុងរដ្ឋធានីសាណា ដែលពួកឧទ្ទាមទាំង២ក្រុមត្រួតត្រារួមគ្នា ចាប់ពីឆ្នាំ២០១៤មក ខណៈរដ្ឋាភិបាលរបស់ប្រធានាធិបតី ABD RABBO MANSOUR HADI ដែលអន្តរជាតិទទួលស្គាល់ភៀសខ្លួន  ទៅកាន់ទីក្រុងអាដេន អតីតរដ្ឋធានីយេម៉ែន ខាងត្បូងពេលមិនទាន់រួមបញ្ចូលគ្នា ៕



ដកស្រង់ពី៖ កោះសន្តិភាព