បណ្តាញសង្គម

ប្រធានាធិបតីកូរ៉េខាងត្បូង «ដឹកនាំតំណាងក្រុមហ៊ុនធំៗ ទៅជួបលោក ស៊ី ជិនពីង នៅប៉េកាំង» ក្នុងគោលដៅធ្វើឲ្យទំនាក់ទំនង​ប្រសើរឡើងវិញ...

(ប៉េកាំង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅរដ្ឋធានីប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមធ្វើការផ្សះផ្សាទំនាក់ទំនងរវាងគ្នា និងគ្នា ដែលបានជួបភាពរកាំរកូសនោះឡើងវិញ ដោយសារតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ហើយក្នុងនោះក្រុមពាណិជ្ជករ មកពីក្រុមហ៊ុនយក្សធំៗ ប្រចាំកូរ៉េខាងត្បូង ក៏បានអមដំណើរទៅជាមួយផងដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។ ការិយាល័យរបស់ លោក មូន ធ្លាប់បាននិយាយថា លោកប្រធានាធិបតីកូរ៉េខាងត្បូង មានក្តីសង្ឃឹមថា នឹងអាចស្តារចំណងទាក់ទង ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចនេះ បន្ទាប់ពីទីក្រុងប៉េកាំង មានការង្គាសចិត្តជាខ្លាំង ដោយសារតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ដែលត្រូវបានតម្លើងកាលពីប៉ុន្មានខែមុននេះ នៅឧបទ្វីបកូរ៉េ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ពីការគម្រាមកំហែងរបស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

ទីក្រុងប៉េកាំង ដែលតាំងពីដើមមកបានចាត់ទុកថា ប្រព័ន្ធមីស៊ីលនេះ គឺជាការគម្រាមកំហែងមួយដល់សន្តិសុខជាតិរបស់ខ្លួន បានចាប់ផ្តើមចាត់វិធានការតបតជាបន្តបន្ទាប់ ប្រឆាំងនឹងក្រុមហ៊ុនអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនទេសចរណ៍របស់កូរ៉េខាងត្បូង ដែលត្រូវបានគេមើលឃើញថា ជាការសងសឹកផ្នែកសេដ្ឋកិច្ច។

គួរជម្រាបថា លោក មូន ជែអ៊ីន បាននាំមកជាមួយរូបលោកនូវក្រុមពាណិជ្ជករធំៗប្រចាំប្រទេស ដែលរួមមានថ្នាក់ដឹកនាំមកពីក្រុមហ៊ុន Samsung, Hyundai, និង LG ជាដើម នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញ និងជាការធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយរបស់លោក មកកាន់ប្រទេសចិន គិតចាប់តាំងតែពីលោក បានឡើងកាន់អំណាច កាលពីខែឧសភា ឆ្នាំ២០១៧មក៕

ដកស្រង់ពី៖FRESH NEWS