បណ្តាញសង្គម

ទស្សនារូបភាពប្រធានាធិបតីចិន «ចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ នៃមហា​សោកនាដកម្ម​ទីក្រុងណានជីង» និងប្រាប់ប្រជាជនគ្រប់រូប ឲ្យចងចាំប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ!

(ណានជីង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីរំលឹកខួបទី ៨០ឆ្នាំ នៃមហាសោកនាដកម្មទីក្រុងណានជីង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារដែលត្រូវបានផ្សព្វផ្សាយនាឱកាសនោះ គឺមេដឹកនាំមហាយក្សលេខ ១ នៅអាស៊ីនេះ បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន កុំភ្លេចប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះឲ្យសោះ។

នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។ នេះជាពិធីរំលឹកវិញ្ញាណក្ខន្ធប្រចាំឆ្នាំលើកទី៨០ ទៅដល់ជនរងគ្រោះនៃការសម្លាប់រង្គាល នៅក្នុងទីក្រុងណានជីង ដោយកងទ័ពជប៉ុននៅអំឡុងសម័យ សង្រ្គាមកាលពីឆ្នាំ១៩៣៧។

បណ្ដាថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្ដចិន និងរដ្ឋាភិបាលចិន បានចូលរួមនៅក្នុងពិធីរំលឹកខួបនេះ នៅឯទីលានស្ថិតនៅខាងមុខ សាលគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការសម្លាប់រង្គាលប្រជាជនចិនក្នុងទីក្រុងណានជីង។

គួររំលឹកថា ជប៉ុនបានឈ្លានពានតំបន់ភាគឦសានប្រទេសចិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៣១ ហើយបានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំ លើប្រទេសចិននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៣៧។ បន្ទាប់មកទៀត រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ ទើបកងទ័ពជប៉ុន បានវាយដណ្ដើមយកទីក្រុងណានជីង ព្រមទាំងបានចាប់ផ្ដើមសម្លាប់ប្រជាជនចិនជាង ៣០០,០០០នាក់ ក្នុងរយៈពេល ៤០ថ្ងៃ រីឯស្ត្រីជនជាតិចិន ២០,០០០នាក់ ត្រូវបាន កងទ័ពជប៉ុនរំលោភបំពានផ្លូវភេទ។

គួរបញ្ជាក់ថា ដោយសាររឿងប្រវត្តិសាស្ត្រសង្គ្រាមមួយនេះ បានធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងចិន មានភាពល្អក់កករនឹងគ្នាស្ទើរជារៀងរាល់ឆ្នាំ នៅពេលទីក្រុងប៉េកាំង ប្រារព្ធខួបនេះម្ដង ដោយចិនតែងតែទាមទារឱ្យជប៉ុនធ្វើការសូមទោស ប៉ុន្តែទីក្រុងតូក្យូបានបដិសេធ៕

ដកស្រង់ពី៖FRESH NEWS