បណ្តាញសង្គម

អង្គការ NASA «ប្រើវិធីសាស្ត្រពិសេសមួយ រហូតរកឃើញភពទី ៨» គោចរជុំវិញផ្កាយដ៏ឆ្ងាយមួយដួង!

 (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទីបំផុតបានប្រកាសឲ្យដឹងថា វីធីសាស្រ្តប្រមាញ់ភពដ៏ថ្មីសន្លាងមួយ បានជួយឲ្យខ្លួនរកឃើញភពទី ៨ របស់តារាដ៏សែនឆ្ងាយមួយដួង ដែលវាបានសំងំលាក់ខ្លួនពីកែវយឺតអវកាស។

ប្រការហេតុនេះ យើងលែងជាប្រព័ន្ធផ្កាយដ៏ធំជាងគេបង្អស់ ក្នុងចំណោមប្រព័ន្ធផ្កាយដែលពួកយើងបានដឹងទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Verge នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

របកគំហើញថ្មីនេះ អាចកើតមានឡើងបាន គឺដោយសារតែការជួយជ្រោមជ្រែងផ្នែក Artificial Intelligence (AI) ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដែលបានរកឃើញភពមួយនេះ តាមរយៈការស្គែនមើលសញ្ញាខ្សោយៗ ដែលត្រូវបានមើលរំលងកាលពីលើកមុន នៅក្នុងទិន្នន័យ ដែលថតយកបានដោយកែវយឺតអវកាស Kepler Space Telescope។

ភពទើបរកឃើញខាងលើ ស្ថិតនៅក្នុងប្រព័ន្ធផ្កាយមានឈ្មោះថា Kepler-90 ជាតារាមួយដួងនៅចម្ងាយប្រមាណ ២,៥០០ឆ្នាំ ពន្លឺពីភពផែនដី ដែលត្រូវបានរកឃើញជាលើកដំបូង កាលពីឆ្នាំ២០១៤ និងត្រូវគេគិតថា មានផ្ទុកភពត្រឹម ០៧ភព ប៉ុណ្ណោះ។ កែវយឺតអវកាស Kepler បាននិងកំពុងតាមប្រមាញ់មើលលំហអាកាស ដើម្បីស្វែងរកភពអេលៀន នៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet ឬ Extraterrestrial Planet) ចាប់តាំងតែពីការបាញ់បង្ហោះរបស់វា កាលពីឆ្នាំ២០០៩។

ដើម្បីត្រួតពិនិត្យទៅលើទិន្នន័យទាំងអស់ ដែល Kepler ប្រមូលយកបានតាំងពីពេលនោះ ក្រុមអ្នកវិទ្យាសាស្រ្តជារឿយៗ តែងមើលទៅលើសញ្ញាដែលខ្លាំងៗមុន។ តាមវិធីសាស្រ្តកាលនោះ NASA បានបញ្ជាក់ថា Exoplanet ប្រមាណ ២,៥២៥ភព ត្រូវបានរកឃើញ។ ប៉ុន្តែខណៈនាពេលនេះ យើងបានដឹងថា ផ្កាយ Kepler-90 មានចំនួនភពគោចរជុំវិញវាដូចនឹងព្រះអាទិត្យរបស់យើងដែរក៏ដោយ ប្រព័ន្ធតារាមួយដួងនេះ គឺពុំមែនជាបេក្ខភាពភពដ៏ល្អ សម្រាប់ការស្វែងរកជីវិតក្រៅភព ឬអេលៀន ឬមួយក៏ទម្រង់ជីវិតដែលយើងធ្លាប់បានដឹងនោះឡើយ ជាពិសេសបើធៀបទៅនឹងបណ្តាភពទាំង ០៧ ដែលនៅជុំវិញផ្កាយ TRAPPIST-1។

គួរជម្រាបថា របកគំហើញនៃភព Kepler-90i បានកើតមានឡើង ក្រោយពីអង្គការ NASA បានឲ្យ Google បង្វឹកម៉ាស៊ីនរបស់ខ្លួន ឲ្យសិក្សាពីក្បួនដោះស្រាយ Algorithm ទៅលើសញ្ញាប្រមាណ ១៥,០០០សញ្ញា ពីបេក្ខភាពភពនៅក្នុងបណ្តុំទិន្នន័យរបស់ Kepler។ ក្រោយមកក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់ប្រព័ន្ធនេះ ឲ្យធ្វើការទៅលើទិន្នន័យពីតារាចំនួន ៦៧០ដួង ដែលត្រូវបានគេដឹងថា មានភពច្រើនរួចស្រេចទៅហើយ ដោយពួកគេគិតថា ផ្កាយទាំងនោះ ទំនងជាកន្លែងមានភពលាក់ខ្លួនច្រើនជាងគេ។

ខណៈពេលនេះក្នុងចំណោមនោះ ភពមិនមែនតែមួយឡើយ គឺ០២ ត្រូវបានរកឃើញបន្ថែម ដោយក្រៅពី Kepler-90i ភពមួយផ្សេងទៀត ឈ្មោះថា Kepler-80g ត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធផ្កាយ Kepler-80 ដែលមានភពទាំងអស់ចំនួន ០៦។ ដោយទទួលបានជោគជ័យជាជំហ៊ានដំបូងបែបនេះ ក្រុមអ្នកស្រាវជ្រាវនឹងប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធកុំព្យូទ័រថ្មីនេះ ដើម្បីធ្វើការស្វែងរកភពបន្ថែមទៀត តាមរយៈការប្រើទិន្នន័យរបស់ Kepler ដែលប្រមូលបានកាលពីលើកមុន ពីផ្កាយចំនួន ១៥០,០០០ដួង៕

ដកស្រង់ពី៖ Fresh News