បណ្តាញសង្គម

ប្អូនប្រុស​ទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី​​ហុងឌូរ៉ាស អាណត្តិទីពីរ ឯបងស្រីបែរជាបាត់បង់ជីវិត ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ...

(ហុងឌូរ៉ាស)៖ បងស្រីបង្កើតរបស់ប្រធានាធិបតីហុងដូរ៉ាស លោក Juan Orlando Hernandez និងមនុស្សប្រាំនាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯតំបន់ភាគពាយ័ព្យនៃប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ យោងតាមយោធាហុងដូរ៉ាស ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក Hernandez ត្រូវជាប្អូនប្រុស របស់លោកស្រី Hilda Hernandez មានអាយុ ៥១ឆ្នាំ ត្រូវបានតុលាការកំពូលហុងឌូរ៉ាស (TSE) ប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិកកណ្តាល) ដោយទទួលស្គាល់លោក Juan Orlando Hernandez ប្រធានាធិបតី នៃប្រទេសតំបន់អាមេរិកកណ្តាលមួយនេះឲ្យឡើងកាន់តំណែងបន្តនាអាណត្តិទីពីរទៀត បន្ទាប់ពីលទ្ធផលក្រោយការបោះឆ្នោត បង្ហាញចេញជាផ្លូវការថា លោកឈ្នះ និងត្រឹមត្រូវតាមច្បាប់បោះឆ្នោត។

ជុំវិញហេតុការណ៍ដ៏គួរឲ្យសង្វេគខាងលើនេះ យោធាហុងដូរ៉ាសបានគូសបញ្ជាក់បន្ថែមថា «បំណែកបែកបាក់ នៃឧទ្ធម្ភាគចក្រធុន AS350 ត្រូវបានគេរកឃើញ ហើយមនុស្សទាំង ០៦នាក់ នៅលើយន្ដហោះក្នុងនោះរួមមានទំាងបងស្រីលោកប្រធានាធិបតីគឺ លោកស្រី Hilda Hernandez គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ»។

គួរបញ្ជាក់ថា បើតាមយោធាហុងដូរ៉ាស់ ឧទ្ធម្ភាគចក្រធុនខាងលើនេះបានហោះហើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Toncontin ក្នុងរដ្ឋធានី Tegucigalpa ឆ្ពោះទៅកាន់តំបន់ Comayagua ស្ថិតនៅចំងាយ ៨០គីឡូម៉ែត្រ ពីភាគពាយ័ព្យនៃប្រទេស រីឯមូលហេតុធ្លាក់ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈបញ្ហាអាកាសធាតុ អាចជាមូលហេតុទីមួយ នៃគ្រោះថ្នាក់នេះ៕

ដកស្រង់ពី៖ Fresh News