បណ្តាញសង្គម

យុទ្ធនាការ​ឃោសនាបោះឆ្នោត «ជ្រើសរើស​ប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមហើយ» ដោយ​មានបេក្ខជន ២៣រូប ដាក់ពាក្យសុំប្រកួត!

 (ម៉ូស្គូ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី បានចាប់ផ្តើមឡើងជាផ្លូវការហើយ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ដោយមានបេក្ខជនមកពីគណបក្សនយោបាយ និងបេក្ខជនឯករាជ្យជាច្រើនរូប ទូទាំងប្រទេសរុស្ស៊ីដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងនោះក៏មាន លោក វ្ល៉ាឌីមៀ ពូទីន មកពីបក្សកំពុងកាន់អំណាចផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ យុទ្ធនាការខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីមានការអនុញ្ញាត ដោយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬក៏អាចហៅថា ព្រឹទ្ធសភា។ បន្ថែមពីនេះ គណកម្មការកណ្តាលរៀបចំការបោះឆ្នោតនៅរុស្ស៊ី (CEC) នឹងសម្រេចផែនការរៀបចំការបោះឆ្នោតជាផ្លូវការ នៅថ្ងៃឃោសនាទីមួយនេះតែម្តង ដោយក្នុងនោះបេក្ខជនប្រធានាធិបតី ដែលបានចុះឈ្មោះធ្វើការប្រកួតប្រជែងមានចំនួន ២៣រូបហើយ (ក្នុងនោះក៏មាន លោក ពូទីន ម្នាក់ដែរ)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Ella Pamfilova ប្រធានគណកម្មការ CEC។ គួរបញ្ជាក់ថា នៅក្នុងប្រព័ន្ធបោះឆ្នោតរបស់សហព័ន្ធរុស្ស៊ី ដើម្បីអាចក្លាយជាបេក្ខជនប្រធានាធិបតីដែលឯករាជ្យម្នាក់ តំណាងនីមួយៗត្រូវការការចុះហត្ថលេខា ពីសំណាក់ក្រុមអ្នកមានសិទ្ធិបោះឆ្នោតទូទាំងប្រទេសរុស្ស៊ី (អ្នកគាំទ្រ) ចំនួនចាប់ពី ៣០០,០០០នាក់ ឡើងទៅ ឲ្យបានមុនខែកុម្ភៈ ឆ្នាំ២០១៨។ បន្ថែមពីនេះទៀត សម្រាប់បេក្ខជនដែលឈរឈ្មោះ ក្នុងនាមជាបក្សនយោបាយមួយ គឺត្រូវការហត្ថលេខាចាប់ពី ១០០,០០០នាក់ ឡើងទៅផងដែរ។ សម្រាប់ការបោះឆ្នោតនៅប្រទេសរុស្ស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលគ្រប់គ្នាបានរំពឹងរួចទៅហើយថា លោក វ្ល៉ាឌីមៀ ពូទីន នឹងឈ្នះឆ្នោតជាថ្មីទៀតនេះ នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News