បណ្តាញសង្គម

News Update: ​អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា គ្រាប់មីស៊ីល ដែលបាញ់សំដៅ​រាជធានីរីយ៉ាដ ផលិតឡើងនៅប្រទេសអ៊ីរ៉ង់

(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ចំពោះការជួញដូរគ្រាប់មីស៊ីល ទៅកាន់ប្រទេសយេម៉ែន ដោយបានសង្កត់ធ្ងន់ថា គ្រាប់មីស៊ីល ដែលបានស្ទាក់ចាប់ នៅចម្ងាយ២៥គីឡូម៉ែត្រ ពីរាជធានីរីយ៉ាដ ត្រូវបានផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់, នេះបើយោងតាមសារព័ត៌មាន Al Ekhbariyal ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្រុមកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលមានការពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅយេម៉ែន បានឲ្យដឹងថា ការជួញដូរគ្រាប់មីស៊ីល ទៅឲ្យប្រទេសយេម៉ែន គឺជាការបំពានយ៉ាងខ្លាំងលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។ គ្រាប់មីស៊ីល បានបាញ់សំដៅគោលដៅ លើតំបន់ប្រជាពលរដ្ឋរស់នៅ នាភាគខាងត្បូង រាជធានីរីយ៉ាដ ហើយវាត្រូវបានបាញ់ស្ទាក់កម្ទេចចោល មុនពេលវាផ្ទុះនឹងបង្កឲ្យមានអ្នករងរបួស ឬមានការខូចខាតកើតឡើង, នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមចម្រុះ លោក Brigadier Turki Al Maliki បានឲ្យដឹងយ៉ាងដូច្នេះ។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា, ប្រព័ន្ធការពារដែនអាកាស របស់អារ៉ាប៊ីសាអូឌីត បានបាញ់ទម្លាក់ គ្រាប់មីស៊ីលមួយគ្រាប់ ដែលបានបាញ់ដោយក្រុមឧទ្ទាម Houthis នៅយេម៉ែន បានបាញ់រំលងអាកាសយាន្តដ្ឋាន King Khaled International Airport ស្ថិតនៅភាគខាងជើង រាជធានីរីយ៉ាដ។ ក្រុមឧទ្ទាម Houthi បានបាញ់មីស៊ីល លើគោលដៅជាច្រើន នៃទីក្រុងរបស់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីចាប់ផ្តើមសង្គ្រាម ដឹកនាំក្រុមចម្រុះដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹង ក្រុមឧទ្ទាម Houthis ក្នុងប្រទេសយេម៉ែន ក្នុងឆ្នាំ២០១៥។

គួរជម្រាបថា សង្គ្រាមបានសម្លាប់ជនជាតិយេម៉ែន ជាង១០,០០០នាក់ ដោយភាគច្រើននៃពួកគេជាជនស៊ីវិល ហើយបានរុញច្រានប្រទេស ឲ្យធ្លាក់ទៅក្នុងភាពអត់ឃ្លានយ៉ាងខ្លាំង៕

ដកស្រង់ពី៖FRESH NEWS