បណ្តាញសង្គម

ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ» ត្រូវបានទម្លាយ​ជាផ្លូវការ!

(វ៉ាស៊ីនតោន)៖ ទីបំផុតការពិតបានមកដល់ហើយ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក បានសារភាពឲ្យដឹងថា ខ្លួនបានបើកកម្មវីធីស៊ើបអង្កេតលើយាន UFO របស់ពួកអេលៀនជាសម្ងាត់ អស់រយៈពេល ០៥ឆ្នាំ គឺរហូតដល់ឆ្នាំ២០១២ កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico និង ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

 បើតាមការអះអាង និងបញ្ជាក់យ៉ាងចម្បាស់ពីមន្ទីរបញ្ចកោណ ប្រតិបត្តិការសម្ងាត់មួយនេះរបស់ក្រសួងការពារជាតិអាមេរិក ដែលមានឈ្មោះថា Advanced Aviation Threat Indentification Program ត្រូវបានបិទទៅវិញ ក្រោយពីមានការផ្លាស់ប្តូរប្រែប្រួល ក្នុងអាទិភាពនៃការផ្តល់មូលនិធិឧបត្ថម្ភ។

ប៉ុន្តែការលាតត្រដាងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានបង្កជាសំណួរច្រើនជាងចម្លើយទៅវិញទេ រួមមានទាំងចម្ងល់ថា តើកម្មវិធីនេះត្រូវបានបិទទាំងស្រុង ឬក៏គ្រាន់តែជាការលាក់បាំងមួយផ្សេងទៀតប៉ុណ្ណោះ។

គួរជម្រាបថា កម្មវិធីខាងលើនេះបានធ្វើការស៊ើបអង្កេត ទៅលើករណីមួយចំនួន ពាក់ព័ន្ធនឹងការប្រទះឃើញដ៏ចម្លែកៗ រវាងអាកាសនិកយន្តហោះយោធា និងវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលពួកគេបានជឿថា មិនធ្វើប្រតិបត្តិការ ដូចដែលអ្វីដែលពួកគេធ្លាប់បានឃើញពីមុនមកនោះឡើយ។

យ៉ាងណាមិញ ពុំមានការបញ្ជាក់ថាតើ យាន UFO របស់អេលៀន ពិតជាវត្តមានមែនដែរ ឬយ៉ាងណាឡើយ ដោយរឿងដែលយើងចង់ដឹងច្បាស់បំផុតនោះ នៅតែជាអាថ៌កំបាំងដដែល។ ប្រការនេះក៏ជាការបញ្ជាក់ផងដែរថា អាមេរិកពុំបានលាក់រឿងអេលៀន ឬថាសហោះ ដូចឯកសារចចាមអារ៉ាមមួយចំនួន បានលើកឡើងជាច្រើនទសវត្សរ៍មកហើយនោះដែរ៕

ដកស្រង់ពី៖FRESH NEWS