បណ្តាញសង្គម

ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ» ដែល​រកឃើញក្នុងរដ្ឋ Rakhine!

(រ៉ង់ហ្គូន)៖ ទីបំផុតការស៊ើបអង្កេតទៅលើសាកសពមនុស្សចំនួន ១០នាក់ ដែលត្រូវបានគេរកឃើញនៅភូមិមួយកន្លែង ក្នុងទីក្រុង មួងតរ (Maungtaw) នៃរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការហើយ ជាមួយក្រុមវេជ្ជសាស្រ្ត ក្រុមការងារយុត្តិធម៌ ព្រមទាំងរដ្ឋបាលក្នុងតំបន់។

 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសបានឲ្យដឹងថា សាកសពទាំង ១០នាក់ ខាងលើត្រូវបានរកឃើញក្នុងកន្លែងកប់សាកសពដ៏ធំមួយ នៅភូមិ អ៊ីនឌីន (Indin) ក្រោយពីអាជ្ញាធរទទួលបានដំណឹងពីប្រភពអាណាមិក។ យោធាបានព្រមានថា ចំណាត់ការចាំបាច់ នឹងត្រូវធ្វើឡើង ប្រឆាំងនឹងឃាតកដែលបានសម្លាប់ជនរងគ្រោះទាំង ១០នាក់នេះ ដោយបានបញ្ជាក់ថា កងកម្លាំងសន្តិសុខ ត្រូវបានបញ្ជាឲ្យគោរពតាមក្បួនច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងការអនុវត្តចំណាត់ការរឹងបន្តឹងច្បាប់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្រោយពីការវាយប្រហារកាលថ្ងៃទី២៥ ខែសីហា ដោយក្រុមឧទ្ទាម ARSA នៅក្នុងតំបន់។

គួរជម្រាបថា បន្ទាប់ពីក្រោយត្រឡប់ទៅរកសភាពដើមវិញ នៃស្ថានការណ៍នៅរដ្ឋ Rakhine មីយ៉ាន់ម៉ាបានបង្កើតគណៈកម្មធិការ អនុវត្តន៍អនុសាសន៍លើរដ្ឋរ៉ាឃីន កាលពីខែកញ្ញាកន្លងទៅ ដើម្បីអនុវត្តន៍អនុសាសន៍ នៃរបាយការណ៍ចុងក្រោយ របស់គណៈកម្មាការប្រឹក្សាយោបល់ ដែលដឹកនាំដោយអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់។ ក្រៅពីនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីសហគមន៍ក្នុងស្រុក និងអន្តរជាតិ ដើម្បីចូលរួមក្នុងកិច្ចខិតខំស្ថាបនាឡើងវិញនៃរដ្ឋ Rakhine ដែលត្រូវបានហែកហួរដោយជម្លោះផងដែរ៕

ដកស្រង់ពី៖FRESH NEW