បណ្តាញសង្គម

អ្នកឃ្លាំមើលអន្តរជាតិ ទម្លាយព័ត៌មានក្តៅ៖ «CIA អាមេរិក មានចេតនា​ទម្លាក់អាវុធ​ឲ្យ ISIS ដើម្បីបង្កអស្ថិរភាព​នៅមជ្ឈិមបូព៌ា...»

(វ៉ាស៊ីនតោន)៖ អ្នកឃ្លាំមើលម្នាក់ គឺលោកស្រី ហ្ស៊ីហាន (Sheehan) មកពី Conflict Armament Research (CAR) ដែលជាអង្គការអន្តរជាតិ ឃ្លាំមើលអាវុធបានបង្ហើបព័ត៌មានថា បរិក្ខាយោធារបស់សហរដ្ឋអាមេរិកផ្ដល់ឱ្យក្រុមប្រឆាំងស៊ីរី បានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ក្រុម ISIS។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃពុធ លោកស្រី Sheehan បានលើកឡើងដូច្នេះថា «សម្រាប់ខ្ញុំ វាហាក់ដូចជាទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA មានបំណងប្រគល់អាវុធឱ្យពួក ISIS... ហើយម្យ៉ាងវិញទៀត ខ្ញុំគិតថា នេះជាផែនការបង្កអស្ថេរភាព នៅតាមប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីងាយស្រួលគ្រប់គ្រង ឬប្រមូលប្រភពធនធានពីប្រទេសទាំងនោះ»។

គួរបញ្ជាក់ថា បើតាមលោកស្រី Sheehan អាវុធជា ៤០,០០០ដើម ឬប្រភេទ ត្រូវបានគេរកឃើញនៅទីតាំងដែលពួក ISIS ធ្លាប់ធ្វើមូលដ្ឋាន ចាប់តាំងពីឆ្នាំ២០១៤មក ហើយអាវុធទាំងនេះទៀតសោត ភាគច្រើនត្រូវបានលក់ ឬផ្ដល់ឱ្យក្រុមប្រឆាំងស៊ីរី។ ជាងនេះទៅទៀត លោកស្រី ក៏បានបញ្ជាក់ដែរថា CIA ក៏ធ្លាប់បានដឹកនាំបេសកកម្មសំងាត់បែបនេះផងដែរ ក្នុងតំបន់អាមេរិកឡាទីន នៅអំឡុងឆ្នាំ១៩៨០ ដើម្បីគាំទ្រដល់ក្រុមប្រឆាំងកុម្មុយនីស្ដ នៅក្នុងប្រទេសនីហ្គារ៉ាហ្គ័រ៕

ដកស្រង់ពី៖FRESH NEWS