បណ្តាញសង្គម

ទីក្រុងព្យុងយ៉ាង «ច្រានចោលព័ត៌មាន​ទាំងអស់ដែលចោទថា ខ្លួនកំពុងលួចអភិវឌ្ឍន៍​អាវុធគីមី» ដើម្បីបំពាក់លើមីស៊ីល...

 (សេអ៊ូល)៖ កូរ៉េខាងជើងបានច្រានចោល ពាក្យចចាមអារ៉ាម នៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ដែលចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងកំពុងផលិត ក៏ដូចជារៀបចំសង្រ្គាមអាវុធគីមី។

សម្រាប់ទីក្រុងព្យុងយ៉ាង ពាក្យចចាមអារ៉ាមនេះ គ្រាន់តែជាលែសដែលសហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីវាយប្រហារលើខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងគឺជារដ្ឋមួយនៃអនុសញ្ញាស្ដីពីអាវុធគីមី... ដូច្នេះទីក្រុងព្យុងយ៉ាងតែងតែរក្សាជានិច្ច នូវគោលជំហរប្រឆាំងជំទាស់នឹងការអភិវឌ្ឍ ការស្ដុកទុក និងការកាន់កាប់អាវុធគីមី។

មួយវិញទៀតយើងយល់ថា ការបង្កើតពាក្យចរចាមអារ៉ាមទាំងនេះ គ្រាន់តែជាលែសដែលសហរដ្ឋអាមេរិក ចង់ប្រើវាដើម្បីវាយប្រហារលើកូរ៉េខាងជើង ដូចពួកគេធ្លាប់បានធ្វើនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ និងនៅស៊ីរីកាលពីខែមេសា ឆ្នាំ២០១៧ តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងតានតឹងស្រាប់ ប៉ុន្មានថ្ងៃចុងក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថា កូរ៉េខាងជើងកំពុងផលិតអាវុធគីមីសំដៅ បំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលខ្លួនអះអាងថា អាចបាញ់ដល់គ្រប់ដីគោកទាំងអស់ របស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី ៖ Fresh News