បណ្តាញសង្គម

ករណីទូកបុកគ្នាលិចនៅ តង់ហ្សានៀ អ្នកស្លាប់ មានរហូតដល់១៩នាក់

DAR ES SALAAM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ថា មន្ត្រីមួយរូបបាន និយាយ កាលពីថ្ងៃអាទិត្យថា អ្នកស្លាប់នៅក្នុងហេតុការណ៍ ទូកបុកគ្នានៅបឹង Tanganyika ប្រទេសតង់ហ្សានៀ អ្នកស្លាប់ មានរហូតដល់១៩នាក់ ។

 លោក Amaniel Sekulu ប្រធានការិយាល័យផ្នែក ដឹកជញ្ជូនជើងទឹកនិងអាជ្ញាធរ និយតករ (SUMATRA) នៅតំបន់ Kigoma បាននិយាយថា សាកសពចំនួន៦នាក់ដែលជាអ្នកដំណើរនៅលើទូក ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យម្សិលមិញ ។

អ្នកដំណើរចំនួន១៣នាក់ បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីមានករណីទូក២គ្រឿងបានបុកគ្នា ហើយលិចចូលក្នុងបឹង Tanganyika ដែលជាដែនទឹកសាប ចំណាស់បំផុតលំដាប់ទី២ នៅលើពិភពលោក ។

លោក Sekulu បាននិយាយថា ទូកទាំងនោះគេហៅថា MV Atakalo Mola ដែលបានដឹកអ្នកដំណើរ៦៥នាក់ និងទូកមួយទៀតហៅថា MV Pasaka ដែលមានអ្នកដំណើរចំនួន១៣៧នាក់ បានបុកគ្នានៅវេលាម៉ោង៣ព្រឹក កាលពីថ្ងៃសុក្រ ។

គួរបញ្ជាក់ថា តង់ហ្សានៀ ជាប្រទេសមួយដែលស្ថិតនៅ អាហ្វ្រិកខាងកើត ។ ជាប្រទេសសម្បូរទៅដោយភ្នំខ្ពស់ៗ និងជាជម្រកសត្វព្រៃ ជាច្រើនប្រភេទ ក្នុងនោះរាប់ទាំង សត្វរមាសផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល