បណ្តាញសង្គម

News Update: មនុស្សស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា «កើនដល់ ១៧នាក់» ក្រោយរងការ​វាយប្រហារដោយទឹកជំនន់ និងល្បាប់ភក់!

(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយនាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែលកំពុងបាត់ខ្លួននៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីមានគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់យ៉ាងសន្ធប់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានសម្លាប់ជីវិតមនុស្សកើនដល់ ១៧នាក់ ហើយ។

នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។ យោងតាមក្រុមអ្នកជួយសង្រ្គោះ មនុស្ស ២៨នាក់បានរងរបួស ហើយផ្ទះច្រើនជាង ១០០ខ្នងត្រូវបានបំផ្លាញ និងជាង ៣០០ខ្នងផ្សេងទៀតរងការខូចខាត នៅក្នុងតំបន់រ៉ូមែរ៉ូ ខេនយ៉ុន (Romero Canyon) នៃសហគមន៍សាន់តា បារបារ៉ា (Santa Barbara)។

បន្ថែមពីលើនេះ មនុស្ស ១៣នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈ៥០នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែទន្ទឹមគ្នាតំបន់មួយចំនួន ពិបាកនឹងឱ្យអាជ្ញាធរចូលទៅដល់ ហើយមិនតែប៉ុណ្ណោះ ផ្លូវជាច្រើនក៏ត្រូវសម្រេចឲ្យផ្អាកសកម្មភាពផងដែរ រហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិក កាលពីឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានខាតបង់ថវិកាជាង ៣០៦ពាន់លានដុល្លារ ដោយសារតែគ្រោះមហន្តរាយធម្មជាតិក្នុងនោះមានទាំង ព្យុះ ទឹកជំនន់ គ្រោះរអិលបាក់ និងភ្លើងឆេះព្រៃជាដើម៕

ដកស្រង់ពី៖FRESN NESH