បណ្តាញសង្គម

សម្តីដុតរោល! លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច និងគួរឲ្យខ្ពើម» ពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍!

 (វ៉ាស៊ីនតោន)៖ ខណៈកំពុងជជែកពិភាក្សាអំពីជនអន្តោប្រវេសន៍ មកពីប្រទេសហៃទី និងបណ្តាប្រទេសអាហ្រ្វិក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសួរដេញដោលទៅកាន់អ្នកតំណាងរាស្រ្តថា «ហេតុអ្វីបានជានាំឲ្យយើង ទទួលយកមនុស្សទាំងនេះ ដែលមានប្រភពមកពីប្រទេសដ៏គគ្រិចៗ និងគួរឲ្យខ្ពើមយ៉ាងដូច្នោះ?»។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ បើតាមសេចក្តីរាយការណ៍របស់ វែបសាយនយោបាយ The Hill ការអត្ថាធិប្បាយខាងលើរបស់ លោក ត្រាំ បានកើតមានឡើងនៅពេលដែលលោក កំពុងជជែកជាមួយក្រុមអ្នកតំណាងរាស្រ្ត ស្តីពីច្បាប់ការពារជនអន្តោប្រវេសន៍។បើតាមបុគ្គលដែលមានវត្តមានក្នុងជំនួបពិភាក្សានោះ ជំនួសមកវិញ លោកប្រធានាធិបតីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិក គួរតែទទួលយកជនអន្តោប្រវេសន៍បន្ថែមមកពីកន្លែងល្អៗ ដូចជាន័រវែសជាដើម។

គួរជម្រាបថា បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times កាលពីខែមុន លោក ដូណាល់ ត្រាំ ធ្លាប់បានប្រមាថធ្ងន់ៗទៅលើជនអន្តោប្រវេសន៍មកពីហៃទីថា ពួកគេសុទ្ធតែផ្ទុកមេរោគអេដស៍ ហើយជនភៀសខ្លួនមកពីនីហ្សេរីយ៉ា មិនអាចរំពឹងថានឹងត្រឡប់ទៅជ្រកក្នុងផ្ទះខ្ទមរបស់ពួកគេវិញឡើយ ក្រោយពីបានឃើញភាពអស្ចារ្យរបស់អាមេរិក។ យ៉ាងណាមិញ សេតវិមានបានចេញមុខទាត់ចោល សេចក្តីរាយការណ៍ព័ត៌មានទាំងអស់នេះ៕

ដកស្រង់ពី៖ Fresh News