បណ្តាញសង្គម

ដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា» នៅមុខលោកស្រី អោងសាន ស៊ូជី!

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានបង្ហាញក្តីព្រួយបារម្ភជាពន់ពេក ចំពោះបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ា លោកស្រី អោងសាន ស៊ូជី ក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា។

នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នារសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ ដំណើរបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ជប៉ុនខាងលើនេះ ក៏បានពាំនាំនូវជំនួយមនុស្សធម៌ប្រមាណ ២.៧លានដុល្លារផងដែរ ជូនដល់អាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីបំពេញការងារសម្រួលជនភៀសខ្លួនពីបង់ក្លាដែស ត្រឡប់ចូលមកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

របាយការណ៍ពីអង្គការ UN បានឲ្យដឹងថា មកទល់នឹងពេលនេះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជាង ៦៥០,០០០នាក់ កំពុងតែស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន នៅតាមព្រំដែនបង់ក្លាដែស។ ជុំវិញបញ្ហាខាងលើនេះ អ្នកទទួលបន្ទុកធ្ងន់ក្នុងការប្រឈមមុខចំពោះសម្ពាធពីអន្តរជាតិ គឺរដ្ឋាភិបាលលោកស្រី ស៊ូជី និងយោធាមីយ៉ាន់ម៉ា ដែលត្រូវបានអន្តរជាតិចោទប្រកាន់ថា បាននិងកំពុងធ្វើទុក្ខបុកម្នេញដល់ ជនជាតិរ៉ូហ៊ីងយ៉ារាប់លាននាក់ រស់នៅក្នុងរដ្ឋរ៉ាឃីន ជាប់ព្រំដែនប្រទេសបង់ក្លាដែស។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានយោធាមីយ៉ាន់ម៉ាឆ្លើយតបវិញថា ខ្លួនបានចាត់វិធានការកន្លងមក គឺដើម្បីការពារសន្តិសុខក្នុងរដ្ឋ ពីការគំរាមកំហែងដោយក្រុមភេរវករជនជាតិភាគតិចតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News