បណ្តាញសង្គម

អាមេរិក និងអូស្ត្រាលី «សហការគ្នាបង្កើត​ឧបករណ៍ពិសេស​មួយ» ដើម្បីសិក្សា​អំពី​មហាសមុទ្រ!

 (កង់បេរ៉ា)៖ អង្គការវិទ្យាសាស្រ្តនៃប្រទេសអូស្រ្តាលី បានសហការជាមួយក្រុមហ៊ុនមួយ ស្ថិតក្នុងទីក្រុងសាន់ហ្រ្វាន់ស្កូ នៃសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់វិធានការក៏ដូចជាការពិនិត្យតាមដានរបស់ខ្លួន ទៅលើស្ថានភាពដែនសមុទ្ររបស់អូស្រ្តាលី។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។ អង្គការអូស្រ្តាលី CSIRO បានប្រកាសពីកិច្ចសហប្រតិបត្តិការនេះ ជាមួយនិងក្រុមហ៊ុនឯកទេសខាងផ្នែកបច្ចេកវិទ្យាលើផ្ទៃសមុទ្រ Saildrone នាថ្ងៃព្រហស្បតិ៍នេះ។ ទូកក្តោងគ្មានអ្នកបើកបរ ដែលគេហៅថា Saildrone របស់ក្រុមហ៊ុនអាមេរិក គឺជាដ្រូនប្រតិបត្តិការលើមហាសារគរ ដែលទទួលថាមពលពីកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ហើយអាចស្ថិតនៅលើផ្ទៃសមុទ្រ បានរហូតដល់រយៈពេល ១២ខែ។

គួរជម្រាបថា Saildrone នឹងត្រូវប្រើប្រាស់ដោយអង្គការ CSIRO ដើម្បីប្រមូលទិន្នន័យអំពីសីតុណ្ហភាពផ្ទៃសមុទ្រ កម្រិតជាតិអំបិល និងសារធាតុកាបូន នៅក្នុងដែនសមុទ្រនៃប្រទេសអូស្រ្តាលី ព្រមទាំងមហាសាគរអង់តាក់ទិក។ បើតាមប្រធានក្រុមស្រាវជ្រាវរបស់ CSIRO លោក Andreas Marouchos ក្រុម Saildrone ចំនួន ០៣គ្រឿង នឹងត្រូវបញ្ជាគ្រប់គ្រងពីចម្ងាយ ចេញពីមូលដ្ឋានស្រាវជ្រាវរបស់ CSIRO នៅឯទីក្រុង Hobart, អូស្រ្តាលី៕

ដកស្រង់ពី៖ Fresh News