បណ្តាញសង្គម

ទីបំផុតក្រុម​ពាណិជ្ជករ និងព្រះអង្គម្ចាស់អារ៉ាប៊ី​សាអូឌីត ត្រូវបានដោះលែង​ ចេញពីពន្ធនាគារប្រណិត​ហើយ...

 (រីយ៉ាដ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងនាថ្ងៃអង្គារនេះថា ទីបំផុតបុគ្គលទាំងឡាយ ដែលជាប់ឃុំឃាំងនៅក្នុងសណ្ឋាគារប្រណិត Ritz-Carlton ក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលអ្នកទាំងអស់នោះ ត្រូវបានគេឃាត់ឃាំងមិនឲ្យចាកចេញទៅណាមកណា ក្នុងអំឡុងការបើកយុទ្ធនាការបោសសម្អាត អំពើពុករលួយដ៏កក្រើកមួយនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទាំងអស់ហើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ព្រមទាំងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាពាណិជ្ជករល្បីៗឈ្មោះ ជាច្រើនអង្គ និងជាច្រើនរូប ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួន និងឃុំឃាំង នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយកន្លែងឈ្មោះថា Ritz-Carlton ដែលមានទីតាំងស្ថិតក្នុងទីក្រុងរីយ៉ាដ ខណៈរដ្ឋាភិបាលបានបើកយុទ្ធនាការប្រឆាំង នឹងអំពើពុករលួយ កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៧។

ចាប់តាំងពីពេលនោះមក សណ្ឋាគារនេះ ក៏បានបិទទ្វារមិនធ្វើប្រតិបត្តិការអាជីវកម្មដូចធម្មតាឡើយ។ គួរជម្រាបថា ព្រះអង្គម្ចាស់ Alwaleed bin Talal ដែលជាកំពូលពាណិជ្ជករលំដាប់អន្តរជាតិមួយរូប នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតផងដែរនោះ ត្រូវបានគេដោះលែងពីសណ្ឋាគារ Ritz កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ៕

ដកស្រង់ពី៖ Fresh News