បណ្តាញសង្គម

ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង ប្រចាំនៅ​សិង្ហបុរី «ត្រូវបណ្តេញ​ចេញពី​តំណែង» ទាំងមិនទាន់​ដឹងមូលហេតុ​ជាក់ច្បាស់...

 (សិង្ហបុរី)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសសិង្ហបុរី លោក លី សាងឌឹក (Lee Sang-deok) ត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែរឿងកិច្ចព្រមព្រៀងស្ដីពីអតីតស្ត្រីទាសករផ្លូវភេទ កូរ៉េខាងត្បូងជាមួយនឹងជប៉ុន។

នេះបើតាមការផ្សាយរបស់កាសែត Korea Times ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។ សារព័ត៌មាន Korea Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានរាយការណ៍ថា លោក Lee ទំនងជាត្រូវបានបណ្ដេញចេញពីការងារ ដោយសារតែលោក បានដឹកនាំកិច្ចចរចាដ៏ចម្រូងចម្រាសមួយ ស្ដីពីអតីតស្ត្រីទាសករផ្លូវភេទកូរ៉េខាងត្បូង ជាមួយនឹងជប៉ុនកាលពីឆ្នាំ២០១៥ ដែលត្រូវបានរដ្ឋាភិបាលបច្ចុប្បន្នរិះគន់កាលពីឆ្នាំមុនថា ជាកំហុសមួយដ៏ធំ។

ក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុនបានសម្ដែងការសូមទោស និងទទួលខុសត្រូវលើជនរងគ្រោះ ដោយសន្យាផ្ដល់ប្រាក់សំណង ៩.២លានដុល្លារ។ ក៏ប៉ុន្តែ ក្រុមស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលប្រធានាធិបតី លោក មូន ជែអ៊ីន បានធ្វើការសន្និដ្ឋានកាលពីខែធ្នូកន្លងទៅថា កិច្ចព្រមព្រៀងនេះមិនអាចទទួលយកបានឡើយ ព្រោះសំណើរបស់ជនរងគ្រោះ ជុំវិញសំណងមិនត្រូវបានបំពេញតាមការចង់បាន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ បានទទួលស្គាល់ថា លោក Lee ពិតជាបានត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញប្រាកដមែន ប៉ុន្តែបដិសេធថា ការបណ្ដេញ លោក Lee ពីតំណែងមិនមានជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះទេ។ «ខ្ញុំមិនទាន់ដឹងច្បាស់ឡើយពីរឿងលម្អិត ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺថា លោក Lee បានបោះចោលការងារ របស់គាត់ដោយសារបញ្ហាផ្ទាល់ខ្លួនសុទ្ធសាធ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់ Korea Times ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា លោក Lee Sang-deok ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសិង្ហបុរី ក្រោមរដ្ឋាភិបាលនៃអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ក្នុងឆ្នាំ២០១៦ ហើយលោកនឹងត្រូវផុតអាណត្តិបីឆ្នាំរបស់លោក នៅឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News