បណ្តាញសង្គម

ដូណាល់ ត្រាំ ងាកមក​សុំកិច្ចសហការពីបក្ស​ប្រជាធិបតេយ្យ ដើម្បីដោះស្រាយ​បញ្ហា​ជនភៀស​ខ្លួន ដែលកំពុង​ក្តៅគគុក...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជម្រុញឱ្យគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាជនភៀស ខ្លួននិងហេដ្ឋារចសម្ព័ន្ធ បន្ទាប់ពីគណបក្សទាំងពីរ បានតស៊ូមតិអស់រយៈពេលជាងមួយឆ្នាំមកនេះ លើការដឹកនាំរបស់លោក ត្រាំ ពោរពេញដោយភាពចម្រូងចម្រាស។

នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សភា ឬ State of the Union កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «នៅយប់នេះ ខ្ញុំអំពាវនាវឱ្យ យើងទាំងអស់គ្នាទម្លាក់ចោលការខ្វែងគំនិតគ្នារបស់យើង ដើម្បីស្វែងរកចំណុចរួម និងសាមគ្គីភាព ដែលយើងត្រូវការជាចាំបាច់ផ្ដល់ជូនប្រជាជនរបស់យើង ដែលបានបោះឆ្នោតឱ្យ យើងបម្រើ»។

ជាងនេះទៅទៀត ដើម្បីបំបាត់ការសង្ស័យលើការដឹកនាំរបស់លោក ប្រធានាធិបតីរូបនេះបានអះអាងថា គិតចាប់តាំងពីការបោះឆ្នោតមក លោកបានបង្កើតការងារថ្មីជាង ២.៤លានកន្លែង ក្នុងនោះរួមមានទាំងការងារថ្មី ២០០,០០០កន្លែង នៅក្នុងវិស័យរោងចក្រតែមួយគត់។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការផុតការបរិច្ឆេទ ពាក់ព័ន្ធនឹងការអនុម័តកញ្ចប់ថវិកាស្ដីពីជនភៀសខ្លួនដ៏ចម្រូងចម្រាស រវាងអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ លោក ត្រាំ ក៏បានអំពាវ នាវផងដែរឱ្យគណបក្សទាំងពីរ ធ្វើកិច្ចសហកិច្ចប្រតិបត្តិការជាមួយគ្នា សំដៅដោះស្រាយភាពជាប់គាំងបច្ចុប្បន្ន៕

ដកស្រង់ពី៖ Fresh News