បណ្តាញសង្គម

រូបវិទូជនជាតិអាមេរិក «បកស្រាយពីបាតុភូតពន្លឺ Aurora នៅប៉ូលផែនដី» ដែលកើតចេញពីការប៉ះគ្នា​ រវាងដែនម៉ាញេទិចពីរ...

(វ៉ាស៊ីនតោន)៖ រូបវិទូផ្នែកអវកាសរបស់សហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានលម្អិត ស្តីពីបាតុភូតដ៏ចម្លែកមួយ ដែលជាប្រភពនៃថាមពលពន្លឺអូរ៉ូរ៉ា ដែលគេហៅថា Northern Lights នៅប៉ូលរបស់ផែនដី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ ដំណើរការរូបវិទ្យាដែលគេហៅថា Magnetic Reconnection អាចឲ្យនិយមន័យតាមរបៀបសាមញ្ញថា គឺជាការរួមបញ្ចូលគ្នានូវដែនម៉ាញេទិច ដែលបញ្ចេញថាមពលក្នុងបរិមាណដ៏ខ្លាំងក្លា គួរឲ្យភ្ញាក់ផ្អើល។

ក្រុមការងារនៃការស្រាវជ្រាវខាងលើ បានធ្វើការសិក្សាទៅលើកំណត់ត្រាកាលពីខែតុលា ឆ្នាំ២០១៦ នៅពេលដែលផ្កាយរណប Magnetosphere Multi-scale ដែលសិក្សាទៅលើតំបន់ Magnetosphere របស់ផែនដី បានហោះឆ្លងកាត់ពីលើចំណុច ដែលព្យុះព្រះអាទិត្យ (Solar Wind) មកប៉ះជួបជាមួយដែនម៉ាញេទិករបស់ភពផែនដី។

លោក Jan Egedal ដែលជាអ្នកដឹកនាំក្រុមការងារនេះ បានលើកឡើងថា «ទិន្នន័យរបស់យើង បង្ហាញយ៉ាងច្បាស់ថា អេឡិចត្រុងភ្លាមៗស្រាប់តែបានផ្អាកមិនធ្វើចលនាតាមដែនម៉ាញេទិចនោះឡើយ ហើយបែរទៅរកទិសដៅផ្សេងទៀត ដែលនេះវាទាមទារឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់»។

បើតាមលោក Jan Egedal សកម្មភាពនេះបានបញ្ជាក់ថា ទ្រឹស្តី Magnetic Reconnection ពិតជាត្រឹមត្រូវ ប៉ុន្តែវាបានរំលោភទៅលើ បទដ្ឋានទ្រឹស្តីដែលកំណត់ខុសត្រូវ ទៅលើអាកប្បកិរិយារបស់ធាតុ Plasma ជាភាគល្អិតផ្ទុកចរន្តថាមពល ដែលបង្កើតចេញជាព្យុះព្រះអាទិត្យ Solar Wind ជាដើម។ លោក Egedal បាននិយាយថា បើតាមទ្រឹស្តី Plasma Frozen-in Law ចែងថា អេឡិចត្រុង និងដែនម៉ាញេទិច ត្រូវបានធ្វើចលនាជាមួយគ្នាជានិច្ច តែសម្រាប់ករណីនេះ វាមិនដូច្នោះឡើយ។

គួរជម្រាបថា មកទល់ពេលនេះ ទ្រឹស្តី Magnetic Reconnection ត្រូវបានគេដឹងថា មានជាប់ទាក់ទងតែជាមួយប្រហោងខ្មៅ (Black Hole, ផ្កាយបញ្ចេញរលកវិទ្យុសញ្ញាអេឡិចត្រូម៉ាញេទិច ដែលគេហៅថា Pulsar, បន្ទុះ Supernova ហើយនិងតំបន់នៅចំកណ្តាលកាឡាក់ស៊ីនីមួយៗ ដែលគេហៅថា Galactic Nuclei ប៉ុណ្ណោះ)៕

ដកស្រង់ពី៖ Fresh News