Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកកំពុងព្រួយបារម្ភបញ្ហាធំមួយ នោះគឺចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីល ដែលអាចបាញ់ទម្លាក់​ផ្កាយរណប...

  • បោះពុម្ព

(ម៉ូស្គូ)៖ មន្ទីរបញ្ចកោណ (Pentagon) បាននិងកំពុងមានក្តីព្រួយបារម្ភជាខ្លាំងថា ចិន និងរុស្ស៊ី កំពុងស្ទុះស្ទាអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលប្រឆាំងផ្កាយរណប (ASAT) ដែលមានសមត្ថភាពបាញ់កម្ទេចឧបករណ៍នានារបស់អាមេរិក ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី (LEO) ពោលគឺចាប់ពីរយៈកម្ពស់ ២,០០០គីឡូម៉ែត្រ ចុះក្រោម នៅក្នុងពេលត្រឹមពីរឆ្នាំខាងមុខប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ នាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃអគ្គសេនាធិការចំរុះអាមេរិក J-2 បានបង្ហើបឲ្យដឹងថា ប្រព័ន្ធមីស៊ីលទាំងនោះរបស់ចិន និងរុស្ស៊ី កំពុងបន្តស្ថិតក្រោមការអភិវឌ្ឍ ប៉ុន្តែនឹងមានសមត្ថភាពធ្វើប្រតិបត្តិការបាន ឆាប់បំផុត គឺនៅឆ្នាំ២០២០ ខាងមុខនេះឯង។

កាលពីខែឧសភាឆ្នាំទៅមិញ ប្រធានស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក Dan Coats បានលើកឡើងថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង កាន់ផ្តោតទៅលើការពិចារណា បើកការវាយប្រហារប្រឆាំងមកលើ ប្រព័ន្ធផ្កាយរណបរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាផ្នែកនៃគោលការណ៍យុទ្ធសាស្រ្តសង្រ្គាមនាពេលអនាគតរបស់ពួកគេ។

កាលនោះ លោក Coat បានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តសម្រេចឲ្យបាននូវប្រព័ន្ធសព្វាវុធ ASAT ដែលមានសមត្ថភាពពេញលេញ និងជាច្រើនប្រភេទ ដើម្បីកាត់បន្ថយប្រសិទ្ធភាពរបស់យោធាអាមេរិក។

ជុំវិញបញ្ហានេះក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក ប្រាកដណាស់ គឺច្បាស់ជាមានក្តីព្រួយបារម្ភជាខ្លាំង ពីព្រោះថាប្រសិទ្ធភាពបច្ចេកវិទ្យា និងសមត្ថភាពវាយប្រយុទ្ធរបស់យោធាអាមេរិក មានភាពពឹងផ្អែកយ៉ាងធំធេង ទៅលើការថែរក្សាការពារយ៉ាងណា កុំឲ្យបណ្តាញផ្កាយរណបរបស់ពួកគេលើផ្ទៃមេឃ រងការប៉ះពាល់ជាដាច់ខាត ពីការវាយប្រហារបែប ASAT ពីចិន ឬមួយក៏រុស្ស៊ី។

ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនេះ មន្ទីរបញ្ចកោណ ក៏បានចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដើម្បីទប់នឹងគូសត្រូវរបស់ខ្លួនផងដែរ។ គួរជម្រាបថា បើតាមការប៉ាន់ស្មាន ទីក្រុងម៉ូស្គូ បានចំណាយលុយក្នុងមួយឆ្នាំ ០៥ពាន់លានដុល្លារ ទៅលើសព្វាវុធ ASAT ដូចជា Nudol ASAT ជាដើម ដែលត្រូវបានធ្វើតេស្តកាលពីចុងឆ្នាំ២០១៦។

ក្រៅពីនេះ ប្រព័ន្ធការពារមីស៊ីល S-300, S-400, និង S-500 ក៏មានសមត្ថភាពវាយប្រហារទៅលើគោលដៅនៅគន្លង LEO ផងដែរ។ ចំណែកឯកម្មវិធីរបស់ចិនវិញ គឺមានអាថ៌កំបាំងជាខ្លាំង ប៉ុន្តែត្រូវគេជឿជាក់ថា មិនអាចមើលងាយបានឡើយ ដោយកាលពីឆ្នាំ២០១០ ២០១៣ និង២០១៤ ទីក្រុងប៉េកាំង បានធ្វើតេស្តប្រព័ន្ធការពារមួយចំនួន ដែលមន្ទីរបញ្ចកោណ បានចាត់ទុកថា គឺជាប្រព័ន្ធមួយអាចកែច្នៃយ៉ាងងាយស្រួល ដើម្បីបាញ់ទម្លាក់ផ្កាយរណបពីលើផ្ទៃមេឃ៕

ដកស្រង់ពី៖ Fresh News