បណ្តាញសង្គម

សហរដ្ឋអាមេរិកប្រឹងដាក់ទណ្ឌកម្ម ឯចិនវិញបែរជាឱ្យវេណេស៊ុយអេឡាខ្ចីលុយ...

  (ប៉េកាំង)៖ មន្ត្រីរតនាគារជាតិអាមេរិក លោក ដេវីដ ម៉ាល់ប៉ាស់(David Malpass) នាពេលថ្មីៗនេះបានថ្កោលទោសយ៉ាងខ្លាំង លើកិច្ចព្រមព្រៀងប្រាក់កម្ចីរាប់ពាន់លានដុល្លាររវាងចិន និងវេណេស៊ុយអេឡា ដោយថែមទាំងចោទប្រកាន់ដែរថា ការធ្វើបែបនេះមានតែធ្វើឱ្យ ប្រទេសជាច្រើនទៀត នៅក្នុងតំបន់រងការឈឺចាប់តែប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ ជុំវិញការរិះគន់នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) បានអះអាងថា កិច្ចព្រមព្រៀងនេះបានផ្ដល់ផលចំណេញ ឱ្យដល់ប្រជាជនវេណេស៊ុយអេឡាទាំងមូល ហើយថា ការលើកឡើងរបស់ទីក្រុងវ៉ាស៊ីនតោន គឺគ្មានមូលដ្ឋាន និងគ្មានទំនួលខុសត្រូវ។

លោក Geng Shuang បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះ យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងចិន និងវេណេស៊ុយអេឡា គឺឈរលើគោលនយោបាយឈ្នះៗ ចំណែកឯប្រាក់ កម្ចីវិញក៏ត្រូវបានផ្ដល់ឱ្យស្របតាមស្ដង់ដារអន្តរជាតិ... ដូច្នេះអ្វីដែលសហរដ្ឋអាមេរិកបាននិយាយ គឺគ្មានមូលដ្ឋាន និងគ្មានទំនួលខុសត្រូវទាល់តែសោះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីចុងខែសីហា ឆ្នាំ២០១៧ ដោយចោទថា ទីក្រុងការ៉ាកាស់ រំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ។

លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ក៏បានបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុង ពិចារណាលើការរឹតបន្តឹងការនាំចូលប្រេងឆៅពីវេណេស៊ុយអេឡា និងការនាំចេញផលិតផលប្រេងរបស់អាមេរិកទៅកាន់ ប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ៕

ដកស្រង់ពី៖ Fresh News