បណ្តាញសង្គម

តៃវ៉ាន់រងគ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត៥.៧រ៉ិចទ័រ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារសម្លាប់មនុស្ស៧នាក់

 (តៃប៉ិ)៖ កោះតៃវ៉ាន់ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយទៀត កម្រិត៥.៧រ៉ិចទ័រ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារសម្លាប់មនុស្ស យ៉ាងហោចណាស់៧នាក់ និងជាច្រើននាក់ផ្សេងទៀតបាននឹងកំពុងបាត់ខ្លួន ធ្វើឲ្យក្រុមកម្មករជួយសង្គ្រោះធ្វើប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយដល់អ្នកនៅរស់ ហើយជាប់នៅក្រោមអគារ ដែលរលំបាក់បែក។

នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។គ្រោះរញ្ជួយដីថ្មីនេះ បានវាយប្រហារនៅចម្ងាយ១៩គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើត ទីក្រុង Hualian, នេះបើតាមភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្ត្រ របស់សហរដ្ឋអាមេរិក បានឲ្យដឹងយ៉ាងដូច្នេះ។

គួរជម្រាបថា គ្រោះរញ្ជួយដីថ្មីនេះបានកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៤រ៉ិចទ័រមួយ បានវាយប្រហារនៅជិតឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់ នាយប់ថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់, បាត់ខ្លួនសរុប៨៨នាក់ និងរបួស ២៥៤នាក់ ដោយក្នុងចំណោមមនុស្សរងរបួសទាំង២៥៤នាក់នោះ គឺមានជាង៥០នាក់ ជាជនជាតិជប៉ុន និង ០២នាក់មកពីចិនដីគោក ខណៈក្រុមជួយសង្គ្រោះកំពុងតែព្យាយាមគាស់កកាយ រកមនុស្សបាត់ខ្លួននៅក្រោមអគារបាក់បែកនានា៕

ដកស្រង់ពី៖ Fresh News