បណ្តាញសង្គម

គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្សស្លាប់​កើន​ដល់ ១០នាក់, បាត់ខ្លួន ០៧នាក់ និង ២៧២នាក់រង​របួស!

 (តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅក្នុងទីក្រុងហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ បានកើនដល់ ១០នាក់ហើយ ខណៈមនុស្ស ២៧២នាក់រងរបួស និង ០៧នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។

នេះបើតាមក្រុមអ្នកជួយសង្រ្គោះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាមក្រុមអ្នកជួយសង្រ្គោះ ជនរងគ្រោះ ០៤នាក់ គឺជាភ្ញៀវទេសចរមកពីចិនដីគោក ហើយបីនាក់ក្នុងចំណោមពួកគេជាស្ត្រី ត្រូវបានគេទាញចេញពីគំនរបាក់បែកជាន់ទីពីរនៃអគារ យុនមិន (Yun Men Tusi Ti) កាលពីថ្ងៃព្រហស្បតិ៍។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ក៏បានរាយការណ៍ដែរថា អ្នករងរបួសក្នុងគ្រោះរញ្ជួយដីកើនដល់ ២៧២នាក់ រីឯ ០៧នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈប្រតិបត្តិការជួយសង្រ្គោះ ឈានដល់ថ្ងៃទី៣។

គួររំលឹកថា បើតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien នៃកោះ តៃវ៉ាន់នៅម៉ោង ១១៖៥០នាទីយប់ថ្ងៃអង្គារ ហើយគ្រោះរញ្ជួយដីនេះទៀតសោត បានបង្កការខូចខាតធ្ងន់ធ្ងរបំផុតលើទីក្រុង Hualien ក្នុងរយៈពេលជាង ០៥ទសវត្សរ៍មកនេះ។

ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ ក៏មានគ្រោះរញ្ជួយកម្រិតមធ្យមជាបន្តបន្ទាប់ ចំនួនពីរលើកបន្ថែមទៀតផងដែរ ប៉ុន្តែវាមិនបានបង្កជាគ្រោះហន្តរាយ អ្វីនោះឡើយ៕

ដកស្រង់ពី៖ Fresh News