បណ្តាញសង្គម

ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់) នៅក្នុង​​ការវាយប្រហារ​ដោយទ័ពអាកាសស៊ីរី!

(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាម SOHR មានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ជនស៊ីវិលយ៉ាងហោចណាស់ ៧៧នាក់ ក្នុងនោះមានកុមារ ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃចន្ទ។

ដោយឡែក មន្ត្រីអង្គការសហប្រជាជាតិម្នាក់ ក៏បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នកំពុង ស្ថិតនៅក្រៅការគ្រប់គ្រង ខណៈគេជឿជាក់ថា ប្រតិបត្តិការវាយលុកតាមផ្លូវគោក អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា ប្រជាជនសរុបជាង ៤០០,០០០នាក់ កំពុងរស់ក្រោមការឡោមព័ទ្ធនៅក្នុងតំបន់ Ghouta ភាគខាងកើតតាំងតែពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយតំបន់មួយនេះគឺជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរី នៅក្បែរទីក្រុងដាម៉ាស់៕

ដកស្រង់ពី៖FRESH NEWS