បណ្តាញសង្គម

ទីបំផុតការថ្លែងរបស់​អតីតនាយក CIA អាមេរិក គឺជាការ​ទទួល​ស្គាល់នូវទង្វើការលូកលាន់ចូលកិច្ចផ្ទៃក្នុងប្រទេសដទៃ ពីសំណាក់សហរដ្ឋអាមេរិក!

  (វ៉ាស៊ីនតោន)៖ ស្របពេលក្រុមរដ្ឋអាជ្ញាពិសេសអាមេរិក កំពុងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុង កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ រួមទាំងការបោះឆ្នោតនៅអឺរ៉ុប ដើម្បីបំផ្លាញលិទ្ធិប្រជាធិបតេយ្យ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) ឯណោះវិញ បែរជាទទួលស្គាល់ដោយឥតលាក់លៀមថា សហរដ្ឋអាមេរិក បាននិងកំពុងជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃទៅវិញ។

នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងកិច្ចសម្ភាសន៍មួយតាមកញ្ចាក់ទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍កន្លងទៅ និងនៅពេលត្រូវបានគេសួរពី ការជ្រៀតជ្រែតរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការបោះឆ្នោតប្រទេសដទៃ អតីតនាយក CIA រូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាអាចទៅរួច ប៉ុន្តែវាធ្វើឡើងក្នុងចេតនាល្អ ដើម្បីបញ្ជៀសឥទ្ធិពលលិទ្ធិកុម្មុយនីស្ដតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅតែប្រកាន់ជំហរទាត់ចោលរាល់ការចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន។ «ខ្ញុំមិនមានប្រតិកម្មអ្វីនោះទេ ពីព្រោះអ្វីមួយ និងអ្វីគ្រប់យ៉ាងអាចនឹងត្រូវបានចុះផ្សាយ។

យើងនឹងឃើញថា ការចោទប្រកាន់សេចក្ដីថ្លែងការណ៍ នឹងមានកាន់តែច្រើនឡើង ប៉ុន្តែរហូតដល់ពួកយើងបានដឹងការពិត នោះអ្វីៗផ្សេងទៀត គ្រាន់តែជាការនិយាយបំផ្លើសតែប៉ុណ្ណោះ»។ នេះបើតាមលោកប្រមុខការទូតរុស្ស៊ី ថ្លែងនៅឯសន្និសីទ ស្ដីពីសន្តិសុខរៀបចំឡើងនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ថា លោក James Woolsey គឺជាអតីតនាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បៀល គ្លីនតុន (Bill Clinton)៕

ដកស្រង់ពី៖ Fresh News