បណ្តាញសង្គម

ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង ដោយសារ​សន្តិសុខ​ផុយស្រួយ!

(អ៊ីស្តង់ប៊ុល)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី នឹងត្រូវបានសម្រេចចិត្ត ឲ្យបិទទ្វារនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងទីក្រុងអង់ការ៉ា) ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ។

នេះបើតាមសេចក្តីថ្លែងការណ៍ របស់ស្ថាតទូតអាមេរិកនៅតួកគី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។ ស្ថានទូតអាមេរិកខាងលើ  បានធ្វើការណែនាំឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសតួកគី  ជៀសវាងពីកន្លែងមានមនុស្សម្នាប្រមូលផ្តុំគ្នាច្រើន និង កុំឲ្យមកក្បែរអគារស្ថានទូតផ្ទាល់តែម្តង  ហើយឲ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលទៅធ្វើដំណើរទស្សនាកម្សាន្ត នៅតាមទីតាំងទេសចរណ៍ល្បីៗ និងកន្លែងមានមនុស្សកកកុញ។

ដោយឡែក ស្ថានទូតមិនបានបញ្ជាក់ឲ្យបានដឹងថា ការគំរាមកំហែងផ្នែកសន្តិសុខខាងលើ ដែលបានបណ្តាលឲ្យមានការបិទទ្វារស្ថានទូតនេះ គឺជាអ្វីឲ្យច្បាស់ឡើយ។

គួរជម្រាបថា ការធ្វើកិច្ចសម្ភាសន៍ទិដ្ឋាការ និងសេវាធម្មតាៗដទៃទៀត នឹងត្រូវលុបចោលនាថ្ងៃចន្ទសប្តាហ៍នេះ  ដោយមានតែការផ្តល់សេវាបន្ទាន់ៗប៉ុណ្ណោះ ដែលនឹងនៅប្រព្រឹត្តទៅជាប្រក្រតី  ហើយស្ថានទូតអាមេរិកនៅតួកគីបានបន្ថែមថា ខ្លួននឹងធ្វើសេចក្តីប្រកាសឲ្យបានដឹងនាពេលបន្ទាប់ទៀត  នៅពេលដែលខ្លួនត្រៀមរួចរាល់ ដើម្បីបើកទ្វារឡើងវិញ៕

ដកស្រង់ពី៖ Fresh News