បណ្តាញសង្គម

ប្រជាពលរដ្ឋ​គុយបា​នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសតាំង​​ប្រមុខដឹកនាំ​​ប្រទេសថ្មី ដែលអាច​មិនមែនជា​ត្រកូល Castro!

(ឡាហាវ៉ាន់)៖ ប្រជាជនគុយបារាប់លាននាក់ នាថ្ងៃអាទិត្យសប្តាហ៍នេះ បាននាំគ្នាទៅចូលរួមការបោះឆ្នោត  ដើម្បីជ្រើសរើសតំណាងរាស្រ្តជាង ៦០០រូប សម្រាប់នីតិកាលថ្មីនៃសភាជាតិរបស់ខ្លួន  ដែលមានតួនាទី ជ្រើសរើសមេដឹកនាំថ្មី សម្រាប់ប្រជាជាតិនៃតំបន់ការីបៀន (អាមេរិកកណ្តាល)មួយនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។ មណ្ឌលបោះឆ្នោតជាង ២៤,០០០កន្លែង ត្រូវបានបើកទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋគុយបា  ប្រើប្រាស់សិទ្ធិបោះឆ្នោត និងជ្រើសរើសបេក្ខភាព ដែលពួកគេពេញចិត្ត  សម្រាប់មុខតំណែង នៅក្នុងសភាតំណាងឲ្យអំណាចប្រជាជន នៃប្រទេសដីកោះមួយនេះ ពោលវាគឺជាស្ថាប័នដ៏មានឥទ្ធិពលមួយ  ដែលជាបន្តនឹងត្រូវបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសគុយបា នៅខែមេសាខាងមុខនេះ។

គួរជម្រាបថា មេដឹកនាំគុយបាបច្ចុប្បន្ន លោក រ៉ាអ៊ូល កាស្រ្តូ (Raul Castro) វ័យ ៨៧ឆ្នាំ បានប្រកាសប្រាប់ អង្គសភាខាងលើ កាលពីខែធ្នូ ឆ្នាំទៅថា រូបលោកនឹងមិនឈរឈ្មោះ ដើម្បីបន្តដឹកនាំនៅអាណត្តិទីបី  ដែលមានរយៈពេល ០៥ឆ្នាំឡើយ ដែលប្រការនោះ បានផ្តល់ឱកាសឲ្យមានការបើកទំព័រថ្មី នៃប្រវត្តិសាស្រ្ត  នៃប្រជាជាតិមួយនេះ។

ម៉្យាងវិញទៀត វានឹងក្លាយជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ១៩៧៦មក ដែលបុគ្គលពុំមានត្រកូល Castro ទំនងជានឹងអាចឡើងកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសគុយបា គិតចាប់ពីសម័យបដិវត្តន៍ឆ្នាំ១៩៥៩៕

ដកស្រង់ពី៖ Fresh News