បណ្តាញសង្គម

លោក ដូណាល់ ត្រាំ «កោតសរសើរសមិទ្ធផល​នានា ដែលខ្លួនលោកសម្រេចបាន ក្នុងការដឹកនាំតែ ០១ឆ្នាំ» និងត្រៀមពាក្យស្លោកថ្មី សម្រាប់ឆ្នាំ២០២០!

  (វ៉ាស៊ីនតោន)៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពាក្យស្លោកសម្រាប់ការឈរឈ្មោះ ជា បេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិទីពីររបស់លោក គឺ «Keep America Great (បន្តរក្សាអាមេរិកឲ្យនៅអស្ចារ្យដដែល)» ដោយឈរលើពាក្យស្លោក  នៃយុទ្ធការបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០១៦ «Make America Great Again (ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យម្តងទៀត)»  ហើយលោកក៏បាន កោតសរសើរស្នាដៃដឹកនាំ ប្រទេសរបស់លោក ក្នុងរយៈពេលជាង ០១ឆ្នាំនេះផងដែរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯរដ្ឋភែនស៊ីលវែនៀ (Pennsylvania) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  បាននិយាយថា «ពាក្យស្លោកថ្មីរបស់លោក នៅពេលពួកយើងចាប់ផ្តើម យុទ្ធការបោះឆ្នោតនា ០២ឆ្នាំខាងមុខ គឺ «Keep America Great»។

យើងមិនអាចបន្តនិយាយថា «Make America Great Agian» ទៀតនោះឡើយ  ពីព្រោះថាខ្ញុំបានសម្រេចរឿងនេះហើយ។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលលោក ត្រាំ  បានថ្លែងកោតសរសើរ អំពីសមិទ្ធផលរបស់ខ្លួន នៅក្នុងអំឡុងពេលជាងមួយឆ្នាំកន្លងទៅនេះ  រួមមានការបន្ធូរបន្ថយពន្ធ, ការស្ទុះឡើងនៃទីផ្សារហ៊ុន, និងចំនួនដ៏ប្រសើរ នៃអ្នកមានការងារធ្វើជាដើម។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ នៅក្នុងអាណត្តិដឹកនាំ បន្ទាប់របស់លោក   ដោយបានប្រកាសពីការឈរ ជាបេក្ខភាពប្រធានាធិបតី ជាលើកទីពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ  អាមេរិកឆ្នាំ២០២០ តាមរយៈការជ្រើសរើស អតីតទីប្រឹក្សាយុទ្ធនាការបោះឆ្នោតរបស់លោក គឺលោក ប្រ៊ែដ ផាស្កាល់ (Brad Parscale) ជាប្រធានគ្រប់គ្រងយុទ្ធនាការថ្មីរបស់លោក កាលពីចុងខែកុម្ភៈ គឺលឿនជាង អតីតប្រធានាធិបតីអាមេរិកទាំងអស់៕

ដកស្រង់ពី៖ Fresh News