បណ្តាញសង្គម

មេដឹកនាំតួកគី​អះអាងថា «នឹងវាយក្រសោប​យក​ទីក្រុង Afrin, ស៊ីរី ឲ្យបាន​នៅយប់ថ្ងៃពុធនេះ»

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានអះអាងថា កងទ័ពដ៏អង់អាចរបស់តួកគី  នឹងវាយក្រសោបយកទីក្រុង Afrin របស់ប្រទេសស៊ីរី ឲ្យបានទាំងស្រុងតែម្តង នៅយប់ថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងអង់ការ៉ា)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំជាមួយមន្ត្រីសំខាន់ ដែលស្ថិតក្រោមរដ្ឋបាល លោក អឺដូហ្កាន់ នៅក្នុងទីក្រុងអង់ការ៉ា។ លោក អឺដូហ្កាន់ បានអះអាងថា ទីក្រុងមួយនេះនឹងត្រូវរំដោះ ពីពួកភេរវករ  ហើយប្រជាជនស៊ីវិលនៅក្នុងនោះ ក៏ត្រូវបានជម្លៀសចេញផងដែរ ខណៈប្រតិបត្តិការក្តៅកំពុងប្រព្រឹត្តទៅ។

គួរបញ្ជាក់ តាមរដ្ឋាភិបាលតួកគីថា គិតចាប់តាំងពីការបើកប្រតិបត្តិការ ជាងមួយខែមកនេះ  តួកគីបានទន្ទ្រាន គ្រប់គ្រងផ្ទៃដី ១,៣០០គីឡូម៉ែត្រក្រឡា នៃទីក្រុង Afrin របស់ស៊ីរី ជាប់ព្រំដែនរបស់ខ្លួននេះ ខណៈពួកឧទ្ទាម ដែលតួកគីបានអះអាងថា ជាក្រុមភេរវករសរុបជាង ៣,០០០នាក់ ត្រូវបានសម្លាប់៕

ដកស្រង់ពី៖ Fresh News