បណ្តាញសង្គម

ស្ថាបនិក Facebook «រីករាយ​ផ្តល់សក្ខីកម្ម ចំពោះមុខ​សភា​អាមេរិក» និងទទួលស្គាល់ការបែក​ធ្លាយ ទិន្នន័យ​​អ្នក​ប្រើប្រាស់ ៥០លាន​នាក់!

 (វ៉ាស៊ីនតោន)៖ ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បានទទួលស្គាល់ថា បណ្ដាញសង្គមរបស់លោក បានបង្កើត កំហុសដោយបណ្ដោយឱ្យទិន្នន័យ អ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានក្រុមហ៊ុនប្រឹក្សានយោបាយមួយ យកទៅប្រើប្រាស់ក្នុងចេតនានយោបាយ។

ប៉ុន្តែ ស្ថាបនិករូបនេះ ក៏បានសន្យាផងដែរថា នឹងការពារទិន្នន័យអ្នកលេង Facebook ហើយលោករីករាយក្នុងការផ្តល់សក្ខីកម្ម  ចំពោះមុខសភាអាមេរិកផងដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។

លោក Zuckerberg ថ្លែងបែបនេះបន្ទាប់ពីមាន សេចក្ដីរាយការណ៍ គណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក បានបើកការស៊ើបអង្កេតមួយលើក្រុមហ៊ុន Facebook សម្រាប់ការចោទប្រកាន់ថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ជាង ៥០លាននាក់ ត្រូវគេយកទៅប្រើដើម្បី ជះឥទ្ធិពលដល់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

ភាពចម្រូងចម្រាស បានកើតឡើងក្រោយ ក្រុមហ៊ុន Cambridge Analytica (CA) ដែលជួលដោយក្រុម យុទ្ធនាការឃោសនាបោះឆ្នោត របស់ លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ត្រូវបានគេចោទប្រកាន់ថា បានប្រមូលទិន្នន័យផ្ទាល់ខ្លួន នៃអ្នកប្រើប្រាស់ Facebook រីឯក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមមួយនេះ ក៏ត្រូវគេសង្ស័យផងដែរថា បណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស ប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ Facebook ជាង ៥០លាននាក់ ដើម្បីជះឥទ្ធិពលលើការបោះឆ្នោត  ប្រធានាធិបតី អាមេរិកកាលពីឆ្នាំ២០១៦។

ក៏ប៉ុន្តែ ក្រុមហ៊ុន CA បានច្រានចោល ការចោទប្រកាន់មកលើខ្លួន។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅលើ Facebook កាលពីថ្ងៃពុធ លោក Zuckerberg បានទទួលស្គាល់ថា ពិតជាមានបែកធ្លាយព័ត៌មានឯកជន របស់អ្នកប្រើប្រាស់។ ប៉ុន្តែ លោកបានសន្យាថា នឹងការពារព័ត៌មាន របស់អ្នកប្រើប្រាស់។

«យើង មានទំនួលខុសត្រូវ ការពារទិន្នន័យរបស់អ្នក ហើយបើសិនជាយើងមិនអាចធ្វើវាទេ នោះយើងមិនសាកសមនឹងបម្រើអ្នកទេ... ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីដែលកើតឡើង»។នេះបើតាមសម្តីស្ថាបនិក Facebook លោក Mark Zuckerberg។

គួរបញ្ជាក់ថា គិតចាប់តាំងពីព័ត៌មានខាងលើ ត្រូវបានបែកធ្លាយ ក្រុមហ៊ុនអាមេរិកមួយនេះ បានខាតបង់គិតជាទឹកប្រាក់ ជាង ៦០ពាន់លានដុល្លារ ដោយសារតែ ភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ០៤ឆ្នាំ៕

ដកស្រង់ពី៖ Fresh News