បណ្តាញសង្គម

អារ៉ាប៊ីសាអូឌីត៖ មីស៊ីល ០៧គ្រាប់ ផ្លោងមករដ្ឋធានី​រីយ៉ាដ ខណៈមួយ​គ្រាប់​ប៉ុណ្ណោះ​ដែល​ធ្លាក់​​ និងផ្តាច់ជីវិតមនុស្សម្នាក់, របួស ០២នាក់!

 (រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ  ដោយគ្រាប់មីស៊ីលផ្លោងមួយគ្រាប់ បាញ់ចេញពីប្រទេសយ៉េមែន ដោយក្រុមឧទ្ទាមហ៊ូទី មកលើរដ្ឋធានីរីយ៉ាដ កាលពីល្ងាច ថ្ងៃអាទិត្យ ប៉ុន្តែកងកម្លាំងសន្តិសុខ អះអាងថា មីស៊ីលរហូតដល់ទៅ ០៧គ្រាប់ឯណោះ បានហោះសំដៅមកទីក្រុងនេះ តែត្រូវបានកម្ទេចទាន់ពេល។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យអាជ្ញាធរការពារស៊ីវិល បានបញ្ជាក់ថា មីស៊ីលផ្លោងមួយគ្រាប់បានធ្លាក់ចំ លំនៅដ្ឋានមួយខ្នង នៅក្នុងទីក្រុងរីយ៉ាដ ដោយបណ្ដាយឱ្យ មនុស្សម្នាក់បាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតរងរបួស ហើយពួកគេទាំងអស់គ្នា សុទ្ធតែជាពលរដ្ឋ មកពីប្រទេសអេហ្ស៊ីប។

ព្រមពេលជាមួយគ្នានោះដែរ ស្ថានីយទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានចេញផ្សាយថា ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយ៉េមែន  បានបាញ់គ្រាប់មីស៊ីលពីរគ្រាប់ តម្រង់មកកាន់តែក្រុងរីយ៉ាដ ចំណែកឯ កងកម្លាំងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់បានមីស៊ីលមួយគ្រាប់ ហោះពីលើទីក្រុងរីយ៉ាដ ហើយមួយគ្រាប់ទៀតនៅឯទីក្រុង ចាហ្សាន (Jazan) ជាប់ព្រំដែនជាមួយយ៉េមែន។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមឧទ្ទាមហ៊ូទី បាញ់មីស៊ីលតម្រង់មកកាន់ទីក្រុងរីយ៉ាដ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កងកម្លាំងទ័ពអាកាស អារ៉ាប៊ីសាអូឌីត ក៏ធ្លាប់បានបាញ់ទម្លាក់មីស៊ីល របស់ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅឯ អាកាសយានដ្ឋានអន្តរជាតិរីយ៉ាដ៕

ដកស្រង់ពី៖ Fresh News