បណ្តាញសង្គម

សភាមីយ៉ាន់ម៉ា បោះឆ្នោត​គាំទ្រ លោក U Win Myint ឡើងកាន់តំណែង​ជាប្រធានាធិបតីថ្មី!

(ណៃពិដោ)៖ នៅទីបំផុតសភានៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យលោក យូ វីន ម្យីនត៍ (U Win Myint) កាន់តំណែងជា ប្រធានាធិបតីមីយ៉ាម៉ាថ្មី បន្ទាប់ពីលោក យូ ហាធីន ក្យរ (U Htin Kyaw) ប្រកាសលាលែងពីមុខតំណែង កាលពីសប្ដាហ៍មុន។

នេះបើតាមប្រភពពីសភាមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។ ការបោះឆ្នោតប្រធានាធិបតីនេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពី អនុប្រធានាធិបតីបីរូប  ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។

សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោត ផ្ដល់ទំនុកចិត្តឱ្យកាន់តំណែង  ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។ លោក U Win Myint មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ  (LND) ក៏ជាអតីតប្រធានសភាជាន់ទាប មីយ៉ាន់ម៉ាផងដែរ ប៉ុន្តែលោកបានសុំលាលែងពីតំណែង  ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

គួរបញ្ជាក់ថា បើតាមមន្ត្រីគណបក្ស LND លោក យូ ហាធីន ក្យរ (U Htin Kyaw) បានសម្រេចចិត្តលាលែងពីមុខតំណែង ក្រោមហេតុផលសុខភាព ហើយការលាលែងនេះទៀតសោត  កើតមានឡើង នៅចំពេលរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធ និងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា៕

ដកស្រង់ពី៖ Fresh News