Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរទស្សន៍ដ៏ល្បីរបស់តួកគី បង្ហាញវិធីសំងាត់ ៥យ៉ាងដែលទីភ្នាក់ងារ CIA របស់អាមេរិក បានប្រើប្រាស់ផ្តួលរំលំរដ្ឋាភិបាលបរទេសជាច្រើន

  • បោះពុម្ព

 (តួកគី)៖ ស្ថានីយ៏ទូរទស្សន៍ដ៏ល្បីមួយ TRT World របស់ប្រទេសតួកគី បានចេញផ្សាយនូវវិដេអូ ឯកសារសំខាន់មួយ ដោយបង្ហាញពីវិធីសាស្រ្តសំងាត់៥យ៉ាង ដែលអង្គភាពស៊ើបការណ៍របស់អាមេរិក CIA បានផ្តួលរំលំ រដ្ឋាភិបាលបរទេសជាច្រើន។

វិធីទី១៖ ដែល CIA ព្យាយាមជាទូទៅគឺ ការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមប្រឆាំង។ នេះជាវិធីមួយដែលមានសុវត្ថិភាព និងងាយស្រួសបំផុតសម្រាប់ CIA តាមរយៈ រូបភាពសាមញ្ញ ដោយគ្រាន់តែផ្តល់លុយដល់ក្រុមប្រឆាំង ឬរូបភាពស្មុគ្រស្មាញ ដោយគាំទ្ររដ្ឋប្រហារយោធា ហើយករណីនេះបានកើតឡើងនៅប្រទេសវៀតណាម ខាងត្បូងក្នុងឆ្នាំ១៩៦៣ និងករណីស្រដៀងគ្នាមួយចំនួនទៀត នៅប្រទេសប្រេស៊ីល និងប្រទេសហ្គាតាមេឡា។ តាមឯកសារដែលលែងចាត់ថ្នាក់ ជាឯកសារសម្ងាត់ បានបង្ហាញថា CIA បានគាំទ្រមេក្លោងរដ្ឋប្រហារ ពោលគឺឧត្តមសេនីយ៍ជាច្រើន ដើម្បីផ្តួលរំលំ Ngo Dinh Diem។

វិធីទី២៖ គឺការធ្វើឃាដ។ ការធ្វើឃាដមេដឹកនាំ ដើម្បីដាក់ជំនួសដោយភាគី ដែលគាំទ្រដោយអាមេរិក គឺជាជម្រើសមួយទៀត។ CIA បានព្យាយាមជាបន្តបន្ទាប់ ដើម្បីធ្វើឃាដមេដឹកនាំ ដែលកើតឡើងពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកុងហ្គោ គឺ លោក LUMUMBA។ ពួកគេបានទទួលជោគជ័យ នៅឆ្នាំ១៩៦១ ប៉ុន្តែដោយសារអ្នកគាំទ្រលោក LUMUMBA មានចំនួនដ៏ច្រើនលើសលុប ដែលពួកគេមិនអាចដាក់ជំនួស គូប្រជែងរបស់លោក LUMUMBA ឡើងកាន់អំណាចបាន ដែលករណីនេះ បានធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ ផ្នែកនយោបាយអស់រយៈពេល៤ឆ្នាំ។

វិធីទី៣៖ គឺការបំផ្លាញសេដ្ឋកិច្ច ឬការធ្វើឃាដសេដ្ឋកិច្ច ដោយប្រើវិធីបើកចំហរ ឬវិធីសម្ងាត់ ដើម្បីបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុ នៃប្រទេសគោលដៅ តាមរយៈការដាក់ ទណ្ឌកម្ម។ អាមេរិកអាចធ្វើឱ្យគណបក្សនយោបាយ បាត់បង់ម្ចាស់ការ។ វិធីនេះគឺត្រូវបានប្រើ ប្រឆាំងនឹងប្រទេសឈីលី នៅអំឡុងឆ្នាំ១៩៧០ បន្ទាប់ពីការបន្តអនុវត្តគោល នយោបាយជាតូបនីយកម្មយ៉ាងរឹងមាំ របស់លោក Salvador Allende លើវិស័យសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកមិនគាំទ្រ។ លោកប្រធានាធិបតី Richard Nixon បានប្រាប់ CIA ថា «ធ្វើឱ្យសេដ្ឋកិច្ចឈីលីស្រែកទ្រហោរ»។ ទីភ្នាក់ងារនេះ បានធ្វើការជាមួយក្រុមចំនួនបី នៅប្រទេសឆីលីដើម្បីរៀបចំរដ្ឋប្រហារ ប្រឆាំងលោក Allende។ អាមេរិកបានធ្វើការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ច របស់ប្រទេសឈីលី  រហូតដល់ឧត្តមសេនីយ៍ Augusto Pinochet ឡើងកាន់អំណាចជំនួស Salvador Allende តាមរយៈរដ្ឋប្រហារយោធាឆ្នាំ១៩៧៣។

វិធីទី៤៖ គឺការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយ។ CIA នឹងទិញ និងប្រើសារព័ត៌មាន ទូរទស្សន៍ និងស្ថានីយ៍វិទ្យុ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត  របស់សាធារណជន និងជំរុញឱ្យ មានចលនាប្រឆាំងនឹងរដ្ឋាភិបាល។ នេះជាអ្វីដែលបានកើតឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅពាក់កណ្តាលសតវត្សទី២០។ CIA បានទិញនិងកាន់កាប់ ៤០% នៃសារព័ត៌មាន Rome Daily America ដែលដំបូងគឺដើម្បីបញ្ចៀស ការកាប់កាប់ដោយពួកកុម្មុនីស្តយ៍ ប៉ុន្តែក្រោយមកត្រូវបានអតីតមន្រ្តី CIA បកអាក្រាតថា «វាជារឿងស្រួលក្នុងការទិញ អ្នករាយការណ៍ព័ត៌មានមួយ ជាជាងការទិញបណ្តាញសារព័ត៌មានមួយ ហើយនេះជាអ្វីដែលពួកយើងបានធ្វើ» ហើយទីភ្នាក់ងារនេះ បានរក្សាអ្នកសារព័ត៌មានអាមេរិក និងបរទេសជាច្រើន ដោយផ្តល់ប្រាក់ខែ។

វិធីទី៥៖ គឺការបង្កើតឱ្យមានភាពចលាចល។ ការបងើ្កតឱ្យមានភាពវឹកវរ ក្នុងចំណោមសាធារណជន និងការបង្កើតឱ្យមានភាពតានតឹង ក្នុងសង្គមតាមរយៈការប្រឆាំង តវ៉ាតាមដងផ្លូវ គឺជាវិធីមួយទៀត ដែលទីភ្នាក់ងារនេះធ្វើឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយការធានាថាអ្នកតវ៉ា មិនដឹងពីមូលហេតុពិតនៃការតវ៉ា គឺជាចំណុចគន្លឹះ (បដិវត្តពណ៌)។ ជាក់ស្តែង មេដឹកនាំជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យ លោក Mohammad Mosaddegh ដែលបានធ្វើជាតូបនីយកម្ម ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលពីមុនគ្រប់គ្រងដោយ ក្រុមហ៊ុនរបស់អង់គ្លេស បានធ្វើឱ្យអាមេរិក និង អង់គ្លេសមិនពេញចិត្ត។ ប្រទេសទាំងពីរនេះបានញុះញង់ ឱ្យមានរដ្ឋប្រហារផ្តួលរំលំលោក Mohammad Mosaddegh នៅឆ្នាំ១៩៥៣ ដែលកត្តាសំខាន់បំផុតគឺ កិច្ចខិតខំប្រឹងប្រែងរបស់ CIA ដោយបានចំណាយប្រាក់ ជាច្រើនលានដុល្លារនៅទីក្រុង Tehran ដើម្បីទិញទឹកចិត្តអ្នកគាំទ្រ របស់លោក Mohammad Mosaddegh និងផ្គត់ផ្គង់ហិរញ្ញវត្ថុ ដល់ការប្រឆាំងតវ៉ាតាមផ្លូវ។ ជាលទ្ធផលលោក Mosaddegh ត្រូវឃុំខ្លួនឱ្យរស់នៅក្នុងផ្ទះអស់មួយជីវិត។

ទាំងនេះជាអ្វីដែលយើងបានដឹងពីរឿងសម្ងាត់របស់អង្គភាពនេះ ប៉ុន្តែនរណាទៀតដែលដឹងនូវអ្វីដែលយើងមិនបានដឹង៕

ដកស្រង់ពី៖ Fresh News