បណ្តាញសង្គម

ទីបំផុត​អាមេរិកព្រម​ទទួលស្គាល់​ថា «កូរ៉េខាងជើង​ពិតជាមានចេតនា​ចង់ពិភាក្សា ដើម្បីលុប​បំបាត់​នុយក្លេអ៊ែរ...»

  (វ៉ាស៊ីនតោន)៖ នៅទីបំផុតសហរដ្ឋអាមេរិក បានទទួលស្គាល់ហើយថា កូរ៉េខាងជើងកំពុងមានបំណង  ចង់ពិភាក្សាអំពី ការបោះបង់ចោលអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំកំពូលទ្វេភាគី  នៅខែឧសភាខាងមុខនេះ។

នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ  ថ្លែងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ក៏បានប្រាប់យ៉ុនហាប់ផងដែរថា សហរដ្ឋអាមេរិក  និងកូរ៉េខាងជើង បានជួបពិភាក្សាគ្នាដោយសំងាត់  ស្ដីពីការរៀបចំកិច្ចប្រជុំ ជាប្រវត្តិសាស្ត្រ រវាងភាគីទាំងពីរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន  ត្រូវបានគេរំពឹងថា ជួបពិភាក្សាគ្នា នៅមុនចុងខែឧសភាខាងមុខនេះ  ពាក់ព័ន្ធនឹងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

បន្ថែមពីលើនេះ គំរោង នៃកិច្ចប្រជុំនេះកើតមានឡើងមួយឆ្នាំ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន  និងទីក្រុងព្យុងយ៉ាង តម្លើងសរសៃកដាក់គ្នា និងគំរាមដាក់គ្នាទៅវិញទៅមក  ដោយសារតែការធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ ពីសំណាក់កូរ៉េខាងជើង។

គួររំលឹកថា នៅអំឡុងដំណើរទស្សនកិច្ចស្ងាត់ៗ នៅទីក្រុងប៉េកាំង កាលពីខែមុន លោក គីម ជុងអ៊ុន បានប្រកាសថា នឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃទី២៧ ខែមេសា នៅឯតំបន់គ្មានយោធា នៃព្រំដែនអន្តរកូរ៉េ ស្ថិតនៅប៉ែកទឹកដីកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News