បណ្តាញសង្គម

ដូណាល់ ត្រាំ «បង្ខំចិត្ត​លុបចោល​ទស្សនកិច្ច​ជាលើកដំបូង​ ទៅកាន់អាមេរិកឡាទីន» ដោយសារ​ជាប់ដៃ​ ដោះស្រាយ​បញ្ហា​សំខាន់...

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោល  ការបំពេញដំណើរទស្សកិច្ ចផ្លូវរដ្ឋជាលើកដំបូង របស់លោកទៅកាន់តំបន់អាមេរិកឡាទីន  ដើម្បីផ្ដោតសំខាន់ លើការចាត់វិធានការឆ្លើយតប ចំពោះការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

យោងតាមសេតវិមាន ការសម្រេចចិត្តលុបចោល  ដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ធ្វើឡើងដោយសារតែលោក កំពុងពិចារណា និងផ្ដោតសំខាន់លើការចាត់វិធានការ  ឆ្លើយតបនឹងការប្រើប្រាស់ អាវុធគីមីនៅស៊ីរី ខណៈនាវាពិឃាតអាមេរិក USS Donald Cook កំពុងស្ថិតនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ។

សេតវិមានបានបន្ថែមទៀតថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងធ្វើដំណើរ ទៅកាន់តំបន់អាមេរិកឡាទីន ជំនួសលោក ត្រាំ ដោយចាប់ផ្ដើមពីប្រទេសប៉េរូ  សម្រាប់កិច្ចប្រជុំកំពូលតំបន់អាមេរិក។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា  លោកនឹងចាត់វិធានការក្តៅ ឆ្លើយតបនឹងរដ្ឋាភិបាលស៊ីរី ហើយលោកថែមទាំងបញ្ជាក់ទៀតថា  ជម្រើសយោធា កំពុងស្ថិតនៅក្រោមពិចារណា។

ប៉ុន្តែរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី ក៏បានព្រមានទុកជាមុនផងដែរថា ផលវិបាកធ្ងន់ធ្ងរនឹងកើតឡើង  បើទីក្រុងវ៉ាស៊ីនតោន ហ៊ានប្រើប្រាស់កម្លាំងយោធាមែននោះ។ ដោយឡែក ជុំវិញបញ្ហាអាវុធគីមីនេះដែរ  អង្គការហាមឃាត់ ការប្រើប្រាស់អាវុធគីមី OPCW បានអះអាងថា  ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ទីក្រុង ឌួម៉ា (Douma) ជាទីដែលមានសេចក្ដីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧០នាក់ ក្នុងនោះមានទាំងកុមារ និងស្ត្រី បានស្លាប់នៅក្នុងការវាយប្រហារ ដោយអាវុធគីមីកាលពីថ្ងៃសៅរ៍៕

ដកស្រង់ពី៖ Fresh News