បណ្តាញសង្គម

ប្រធានាធិបតីកូរ៉េខាងត្បូង «ស្នើ UN ជួយអង្កេត​ការបិទកន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​កូរ៉េខាងជើង»

  (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការសហប្រជាជាតិ ចូលរួមអង្កេតលើគំរោង បិទ ទីតាំងធ្វើតេស្ ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

នេះបើតាម វិមានប្រធានាធិបតី កូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។ ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានដ៏ខ្លីមួយ អ្នកនាំពាក្យវិមានប្រធានាធិបតី កូរ៉េខាងត្បូង លោក គីម អ៊ុយគ្យឹម (Kim Eui-kyeom) បានឱ្យដឹងថា លោក មូន បានពិភាក្សាគ្នាតាមទូរស័ព្ទ រយៈពេលកន្លះម៉ោង  ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នៅថ្ងៃអង្គារនេះ  ស្ដីពីលទ្ធផល នៃកិច្ចប្រជុំកំពូល អន្តរកូរ៉េលើកទីបី កាលពីសប្ដាហ៍មុន។

បន្ថែមពីលើនេះ លោក មូន ក៏បាន ប្រាប់លោក Guterres ផងដែរថា លោក គីម ជុងអ៊ុន សន្យាថា  នឹងបង្ហាញពីតម្លាភាព ក្នុងការបិទទីតាំងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ Punggye-ri ដល់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិ ទាំងមូល។

សូមជម្រាបថា ជាការឆ្លើយតប លោក Guterres បាននិយាយថា លោកមានបំណង សហការក្នុងការអង្កេតការណ៍ ស្នើឡើងដោយ លោក មូន។ ប៉ុន្តែលោកអះអាងថា សំណើនេះត្រូវទទួលបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយថា លោកនឹងបង្កើន កិច្ចខិតខំប្រឹងប្រែង ដើម្បីជួយផ្សះផ្សា ក៏ដូចជាស្វែងរកសន្តិភាព នៅលើតំបន់ឧបទ្វីបកូរ៉េ៕

ដកស្រង់ពី៖ Fresh News