បណ្តាញសង្គម

មេដឹកនាំ​​ជាន់​ខ្ពស់​​អ៊ីរ៉ង់ «អំពាវនាវ​ឲ្យអាមេរិក​​ចាកចេញពី​​មជ្ឈិមបូព៌ា» និងឈប់​ញុះញង់ឲ្យ​អារ៉ាប៊ូសាអឌីត ប្រឆាំង​អ៊ីរ៉ង់ទៀត...

(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងចិញ្ចឹមវិបត្តិ នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការញុះញង់ ឱ្យអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងអ៊ីរ៉ង់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al jazeera នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។ ការថ្លែងបែបនេះរបស់លោក Khamenei ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃចន្ទ។

ថ្លែងនាឱកាសនោះដែរ មេដឹកនាំជាន់ខ្ពស់រូបនេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាកចេញពីតំបន់មជ្ឈិមបូព៌ា  ហើយថារាល់ការព្យាយាម ប្រកួតប្រជែងជាមួយអ៊ីរ៉ង់ នឹងទទួលបរាជ័យ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានលើកឡើង យ៉ាងដូច្នេះថា  «សហរដ្ឋអាមេរិក កំពុងព្យាយាមញុះញង់ អារ៉ាប៊ីសាអូឌីត ឱ្យប្រឆាំង នឹងអ៊ីរ៉ង់...  គោលបំណងរបស់ពួកគេ គឺបង្កើតជម្លោះបន្ថែម និង ជំរុញឱ្យអ្នកកាន់សាសនាអ៊ីស្លាម ប្រឆាំងនឹងអ្នក កាន់សាសនាអ៊ីស្លាម។ ដូច្នេះរាល់ការប្រកួតប្រជែង និងរាល់ការប្រឈមមុខជាមួយអ៊ីរ៉ង់ ពួកគេនឹងទទួលបរាជ័យ»។

គួរបញ្ជាក់ថា បើតាមលោក Khamenei អ៊ីរ៉ង់គ្មានបំណងកំណត់ ឬដាក់កំហិត ឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។ «ជន ជាតិអាមេរិក គឺជាអ្នកដែលត្រូវចាកចេញ... តំបន់មជិ្ឈមបូព៌ា អាស៊ីភាគខាងលិច និងឈូងសមុទ្រពែក  គឺជាផ្ទះរបស់ពួកយើង»។ នេះគឺជាការលើកឡើង របស់លោក Khamenei៕

ដកស្រង់ពី៖ Fresh News